(ម៉ិកស៊ិក)-យ៉ាងហោចណាស់មានជនចំណាកស្រុកចំនួន ៤៩ នាក់ បានបាត់បង់ជីវិត នៅពេលរថយន្តដឹកពួកគេបានក្រឡាប់ និងបុកទៅលើស្ពានថ្នើរជើង នៅលើផ្លូវល្បឿនលឿនក្នុងរដ្ឋ Chiapas។
យោងតាមរបាយការណ៍បឋម គ្រោះថ្នាក់នេះទំនងបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់នៅលើផ្លូវល្បឿនលឿនដែលភ្ជាប់ពីទីក្រុង Chiapa de Corzo ទៅកាន់ទីក្រុងរដ្ឋបាល Tuxtla Gutierrez របស់រដ្ឋ។ ក្រៅពី ៤៩ នាក់ដែលបានស្លាប់ ក៏មានអ្នករងរបួសចំនួន ៥៨ នាក់ ក្នុងនោះមាន ៤០ នាក់ មានសភាពធ្ងន់ធ្ងរ។
បច្ចុប្បន្ន មិនដឹងច្បាស់ថា ជនរងគ្រោះមានសញ្ជាតិអ្វីខ្លះនៅឡើយ ប៉ុន្តែ ពួកគេសុទ្ធតែជាជនចំណាកស្រុកមកពី តំបន់អាម៉េរិកកណ្ដាល។
ក្រុមមន្ត្រី ម៉ិកស៊ិក ប៉ុន្មានខែមកនេះ បានព្យាយាមទប់ស្កាត់ជនចំណាកស្រុកដែលដើរជាក្រុមឆ្ពោះទៅកាន់ព្រំដែនជាមួយ សហរដ្ឋអាម៉េរិក ប៉ុន្តែ ករណីបែបនេះនៅតែកើតមានឡើងជាហូរហែ។ កាលពីខែតុលា អាជ្ញាធររដ្ឋ Tamaulipas ក៏បានរកឃើញជនចំណាកស្រុក ៦៥២ នាក់ ដែលភាគច្រើនមកពី តំបន់អាម៉េរិកកណ្ដាល បានជាប់នៅក្នុងរថយន្តដឹកទំនិញចំនួន ៦ គ្រឿង ដែលបើកបរសំដៅទៅកាន់ព្រំដែន អាម៉េរិក។
ជនចំណាកស្រុកដែលទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ តែងតែទទួលបានសិទ្ធិស្នាក់នៅក្នុង ប្រទេសម៉ិកស៊ិក ជាបណ្ដោះអាសន្ន ព្រោះពួកគេត្រូវបានចាត់ទុកជាសក្សី និងជាជនរងគ្រោះនៃអំពើល្មើសច្បាស់៕