Skip to content

អាចម៍ផ្កាយ​ចំនួន ៣ ដុំធំៗ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

វត្ថុ​អវកាស​មួយចំនួន​នឹង​ហោះ​កាត់មុខ​ផែនដី នៅក្នុង​គ​ន្លាត​សុវត្ថិភាព​ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី ២៤ ដល់ ២៩ ធ្នូ ២០២១ ក្នុងនោះ​មាន​ទាំង​អាចម៍ផ្កាយ ១ ដុំ ដែលមាន​មុខកាត់ ២៦០ ម៉ែត្រ​ផងដែរ។

អាចម៍ផ្កាយ​ដំបូង​ដែលមាន​ឈ្មោះថា 2016 TR54 នឹង​ហោះ​មក​ក្បែរ​ផែនដី​នៅ​ថ្ងៃទី ២៤ ធ្នូ នេះ​បើតាម​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA)។ 2016 TR54 នឹង​ហោះ​មក​ក្បែរ​ផែនដី​បំផុត នៅវេលា​ម៉ោង ១៣៖៣០ នាទី ថ្ងៃទី ២៤ ធ្នូ ម៉ោង​នៅ ភ្នំពេញ ដោយមាន​ចម្ងាយ ៦.៤ លាន​គីឡូម៉ែត្រ ពី ផែនដី ឆ្ងាយ​ជាង ១៧ ដង ធៀប​នឹង​គ​ន្លាត​ពី ព្រះ​ចន្ទ មក ផែនដី។

អាចម៍ផ្កាយ 2016 TR54 ដែលមាន​មុខកាត់​ប្រមាណ​ពី ១០០ ទៅ ២៣០ ម៉ែត្រ​នេះ ហោះហើរ​ក្នុង​ល្បឿន ៥៥,៨៤៤ គីឡូម៉ែត្រ/ម៉ោង។

អាចម៍ផ្កាយ​ទី ២ មាន​ឈ្មោះថា 2018 AH មាន​ទំហំ​តូច​បន្តិច ធៀប​នឹង 2016 TR54 ដោយមាន​មុខកាត់​ចាប់ពី ៨៤ ដល់ ១៩០ ម៉ែត្រ ហើយ​វា​នឹង​ហោះ​មក​ក្បែរ​ផែនដី នៅ​ចុងខែ​ធ្នូ។ 2018 AH នឹង​ហោះ​មក​ក្បែរ​ផែនដី​បំផុត​នៅវេលា​ម៉ោង ២១៖៤០ នាទី ថ្ងៃទី ២៧ ធ្នូ ក្នុង​គម្លាត ជាង ១ លាន​គីឡូម៉ែត្រ ឆ្ងាយ​ជាង ២ ដង ធៀប​នឹង​គម្លាត​រវាង ផែនដី និង ព្រះ​ចន្ទ។

អាចម៍ផ្កាយ​ចុងក្រោយ​មាន​ឈ្មោះថា 2017 AE3។ វា​នឹង​ហោះ​មក​ក្បែរ ផែនដី បំផុត នៅវេលា​ម៉ោង ៨៖៥៤ នាទី ថ្ងៃទី ២៩ ធ្នូ ក្នុង​គម្លាត ៣ លាន​គីឡូម៉ែត្រ។ អាចម៍ផ្កាយ​នេះ ហោះហើរ​ក្នុង​ល្បឿន​ប្រមាណ ៦៨,៥៥៨ គីឡូម៉ែត្រ/ម៉ោង ពោលគឺ​លឿន​ជាង​អាចម៍ផ្កាយ​ទាំង ២ ដុំ​ខាងលើ៕

Leave a Reply

Your email address will not be published. Required fields are marked *