Skip to content

ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​នៅ ប្រទេស​ប៉េ​រូ! មនុស្ស ៥ នាក់ ត្រូវ​បាត់បង់​ជីវិត

កាលពី​ថ្ងៃទី ៨ ធ្នូ ក្រសួងការពារជាតិ​ប៉េ​រូ បាន​បញ្ជាក់ថា មាន​មនុស្ស​ចំនួន ៥ នាក់ បាន​ស្លាប់ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​របស់​ទ័ពអាកាស​ប្រទេស​នេះ បាន​ធ្លាក់​នៅពេល​កំពុង​បំពេញបេសកកម្ម​មនុស្ស​ធម៌។

យោងតាម​ប្រភពព័ត៌មាន​របស់ ANews អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​ប៉េ​រូ ឱ្យដឹងថា កម្លាំង​ជួយសង្គ្រោះ​បន្ទាន់​បាន​ទៅដល់​កន្លែងកើតហេតុ ក្រោយពី​បាន​រកឃើញ​ឧទ្ធម្ភាគចក្រ​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​មុន​នោះ​មួយថ្ងៃ។ អ្នកនាំពាក្យ​រូបនេះ​បន្តថា មន្ត្រី​យោធា​ចំនួន ៥ រូប ក្នុងនោះ​មាន​ទាំង​មេបញ្ជាការ​ម្នាក់ និង​ប្រធាន​ក្រុម​ហោះហើរ ២ នាក់ នៃ​កងទ័ពអាកាស​របស់ ប្រទេស​ប៉េ​រូ បាន​បាត់​បង់ជីវិត។

ឧទ្ធម្ភាគចក្រ MI-171SH ដែល​ផលិត​ដោយ រុស្ស៊ី ត្រូវបាន​រាយការណ៍​ថា បាន​បាត់​ខ្លួន មួយ​ម៉ោង​ក្រោយពី​ការហោះហើរ​ពី​រដ្ឋធានី លីម៉ា (Lima) ក្នុង​បេសកកម្ម​ដឹក​ជំនួយ​ផ្នែក​មនុស្សធម៌​ទៅកាន់​តំបន់​ព្រៃ​ជ្រៅ។

ឧទ្ធម្ភាគចក្រ​នេះ ក្រោយមក​ក៏ត្រូវ​បាន​រកឃើញ​នៅក្នុង​តំបន់ ហួរ៉ូជីរី (Huarochiri) ដែលមាន​ចម្ងាយ ពី លីម៉ា​  ជិត ២០០ គីឡូម៉ែត្រ ទៅ​ទិសខាងកើត។

គិត​ចាប់ពី​ដើមឆ្នាំ​ដល់​បច្ចុប្បន្ន ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​នៅ ប្រទេស​ប៉េ​រូ កើតមាន​ចំនួន ៣ ករណី​មកហើយ ក្នុងនោះ​មាន ១ ករណី​នៅក្នុង​ខែមេសា ដែល​បាន​បណ្ដាលឱ្យ​ទាហាន ៧ នាក់​ស្លាប់ និង ១ ករណី​នៅក្នុង​ខែឧសភា បានសម្លាប់​មនុស្ស ៥ នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *