ឆ្នាំនេះ មហាសេដ្ឋិនី MacKenzie Scott បានចូលមកគ្រប់គ្រង «តំណែង» ស្ត្រីដែលមានអំណាចជាងគេក្នុងពិភពលោក ជំនួសអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅក្នុងបញ្ជីរបស់ទស្សនាវដ្ដី Forbes។
កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ Forbes បានប្រកាសបង្ហាញបញ្ជីឈ្មោះប្រចាំឆ្នាំស្ដីពីស្ត្រី ១០០ រូប ដែលមានអំណាចបំផុតលើពិភពលោក។ ក្នុងបញ្ជីឈ្មោះនោះ រួមមានទាំង CEO, អ្នកជំនួញ, ថ្នាក់ដឹកនាំប្រទេស, សប្បុរសជន។ល។
លោកស្រី MacKenzie Scott ដែលជាអតីតភរិយារបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បាននាំមុខគេនៅក្នុងបញ្ជីនេះ។ លោកស្រីបានបរិច្ចាគប្រាក់របស់ខ្លួនចំនួន ៨.៦ ពាន់លានដុល្លារ ក្នុងនោះមាន ២.៧ ពាន់លានដុល្លារត្រូវបានបរិច្ចាគក្នុងឆ្នាំ ២០២១។ បច្ចុប្បន្ន លោកស្រីមានទ្រព្យសរុបចំនួន ៥៩.២ ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមស្ថិតិរបស់ទស្សនាវដ្ដី Forbes។
មូលហេតុដែលបាននាំឱ្យលោកស្រី Scott ត្រូវបានចាត់ទុកជាស្ត្រីដែលមានអំណាចបំផុតក្នុងពិភពលោក ត្រូវបាននិពន្ធនាយិការបស់ក្រុម ForbesWomen ពន្យល់ថា៖ «លោកស្រី MacKenzie Scott បានចំណាយទ្រព្យដ៏ច្រើនរបស់លោកស្រី ដើម្បីជួយដល់បណ្ដាអង្គការមិនស្វែងរកប្រាក់កម្រៃ។ ពុំមាននរណាម្នាក់ក្នុងលោក មានសិទ្ធិម្ចាស់ការលើខ្លួនឯង ឬលើប្រាក់កាសច្រើនជាង និងបង្កើតបានជាឥទ្ធិពលយូរអង្វែងដល់ថ្នាក់នេះ។ វិធីដែលលោកស្រីចំណាយប្រាក់ ក៏កំពុងតែបង្កើតឱ្យមានបដិវត្តន៍នៅក្នុងវិស័យមនុស្សធម៌ផងដែរ»៕