Skip to content

សម្លាប់​ប្រពន្ធ និងកូនៗ ព្រោះតែ​ត្រូវគេ​ដឹងថា បានធ្វើ​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ក្លែងក្លាយ

(អាល្លឺម៉ង់)-Devid R បានសម្លាប់​ភរិយា និង​កូនស្រី ៣ នាក់ រួច​ហើយក៏​សម្លាប់ខ្លួន បន្ទាប់ពី​ត្រូវបាន​គេ​ដឹងថា បាន​ក្លែងបន្លំ​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១។

សាកសព​របស់ Devid R ត្រូវបាន​រកឃើញ​រួមជាមួយ​សាកសព​ភរិយា និង​កូនស្រី ៣ នាក់ ដែលមាន​អាយុ ៤ ឆ្នាំ, ៨ ឆ្នាំ និង ១១ ឆ្នាំ នៅឯ​ផ្ទះ​របស់​ពួកគេ​ក្នុង​តំបន់ Koenigs Wushterhausen ភាគខាងត្បូង​ទីក្រុង​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​​ចុង​​សប្ដាហ៍​​កន្លង។

ចៅក្រម​តុលាការ​របស់​ អាល្លឺម៉ង់ កាលពី​ថ្ងៃទី ៧ ធ្នូ បានឱ្យដឹងថា បុរស​ជា​ជនដៃដល់ មាន​អាយុ ៤០ ឆ្នាំ បាន​ទុក​សំបុត្រ​អត្តឃាត សារភាពថា បានធ្វើ​ប័ណ្ណ​ក្លែងក្លាយ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ឱ្យ​ភរិយា ប៉ុន្តែ ត្រូវបាន​ថ្នាក់លើ​របស់​នាង​ដឹង និង​គំរាមថា​នឹង​រាយការណ៍​ប្រាប់​សមត្ថកិច្ច។ ដោយសារតែ​ខ្លាច​ត្រូវគេ​ចាប់ខ្លួន និង​បាត់បង់​សិទ្ធិ​ចិញ្ចឹម​កូន Devid ក៏បាន​សម្រេចចិត្ត​បាញ់សម្លាប់​ប្រពន្ធ និងកូនៗ រួច​ហើយក៏​ធ្វើអត្តឃាត។

ភរិយា​របស់ Devid ធ្វើការ​នៅឯ​សាកលវិទ្យាល័យ​បច្ចេកទេស Wildau ចំណែក Devid វិញ មិនដឹងថា​មានមុខ​របរ​អ្វី​ទេ។ អាជ្ញាធរ​​ក្នុង​តំបន់ ឱ្យដឹងថា ពួកគេ​បាន​រកឃើញ​ករណី​ឃាតកម្ម និង​អត្តឃាត​ក្នុង​គ្រួសារ Devid បន្ទាប់ពី​អ្នកជិតខាង​មើលឃើញ​សាកសព​តាម​បង្អួច។

បុគ្គលិក​ក្រុមហ៊ុន​នៅ ប្រទេស​អាល្លឺម៉ង់ ចាប់ពី​ខែ​មុន ត្រូវបាន​ស្នើឱ្យ​បង្ហាញ​លិខិតបញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ឬ​លិខិត​បញ្ជាក់ថា​អវិជ្ជមាន​នឹង​វីរុស ដល់​ថ្នាក់លើ​របស់​ពួកគេ។ អាជ្ញាធរ​អាល្លឺម៉ង់ កាលពី​សប្ដាហ៍​មុន​ក៏បាន​ចាប់ផ្ដើម​រឹតបន្តឹង​វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ-១៩ ដោយបាន​ហាម​អ្នក​ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង ចូលទៅក្នុង​ក្រុមហ៊ុន ឬ​ទីតាំង​អាជីវកម្ម​ទាំងឡាយណា​ដែល​ផ្គត់ផ្គង់​ទំនិញ ឬ​សេវាកម្ម​មិនចាំបាច់។

https://www.youtube.com/watch?v=EshaKDeWUkM

រដ្ឋាភិបាល​អាល្លឺម៉ង់ ក៏​កំពុងតែ​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​ដោយ​បង្ខំ ចំពោះ​បុគ្គលិក​នៅក្នុង​វិស័យ​មួយចំនួន។ គិត​មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ សរុប​ជាង ៦.២ លាន​នាក់ ក្នុងនោះ​មាន​ជាង ១០០,០០០ នាក់​បាន​ស្លាប់។ ប្រទេស​អាល្លឺម៉ង់ បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង ៧១% ហើយ បើ​ធៀប​នឹង​ប្រជាជន​សរុប៕

Leave a Reply

Your email address will not be published. Required fields are marked *