Skip to content

(វីដេអូ)-អាចម៍ផ្កាយ​​ធំមួយ​ដុំ​ អាយុ​ជិត ៥ ពាន់​លាន​ឆ្នាំ ហោះ​មក​ក្បែរ​ផែនដី

អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​ប្រវែង​វែង​ជាង​តួ Eiffel របស់ បារាំង និង​មាន​ផ្ទុក​លោហធាតុ​ក្នុង​បរិមាណ​ច្រើន នឹង​ហោះ​កាត់​ក្បែរ​ផែនដី ក្នុង​ល្បឿន ២៣,៧០០ គីឡូម៉ែត្រ/ម៉ោង នៅ​ថ្ងៃទី ១១ ធ្នូ ខាងមុខ។

អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​លទ្ធភាព​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី ដោយសារ​មាន​ទំហំ​ធំ នឹង​ហោះ​កាត់មុខ​ពិភព​ផែនដី​នៅ​សប្ដាហ៍​ក្រោយ នេះ​បើតាម​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA)។ អាចម៍ផ្កាយ​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា 4660 Nereus នេះ មាន​រូបរាង​ដូច​ទៅនឹង​គ្រាប់​ស៊ុត និង​មាន​ប្រវែង​ប្រហែល ៣៣០ ម៉ែត្រ។ តាម​ការ​គណនា វា​នឹង​ហោះ​ចូលដល់​គន្លង​គោចរ​របស់​ផែនដី​ក្នុង​ល្បឿន ២៣,៧០០ គីឡូម៉ែត្រ/ម៉ោង នៅ​ថ្ងៃទី ១១ ខែធ្នូ។

ក្រុម​តារាវិទូ​ឱ្យដឹងថា 4660 Nereus នឹង​គ្រាន់តែ​ហោះ​កាត់​ក្បែរ​ផែនដី និង​មិន​បង្ក​ការប៉ះទង្គិច​នោះទេ។ ប៉ុន្តែ នេះ​គឺជា​ការហោះ​ក្បែរ​ផែនដី​បំផុត​របស់​អាចម៍ផ្កាយ​នេះ ក្នុងអំឡុង ២០ ឆ្នាំ​កន្លង។ វា​នឹង​មក​ក្បែរ​ផែនដី​ក្នុង​រយៈ​ចម្ងាយ​ប្រហែល ៣.៨៦ លាន​គីឡូម៉ែត្រ ឆ្ងាយ​ជាង ១០ ដង បើ​ធៀប​នឹង​គម្លាត​រវាង​ផែនដី និង​ព្រះ​ចន្ទ។

អាចម៍ផ្កាយ 4660 Nereus នឹង​ហោះ​មក «ជួប» ផែនដី​ជាថ្មី នៅក្នុង​ខែមីនា ឆ្នាំ ២០៣១ និង​ខែវិច្ឆិកា ឆ្នាំ ២០៥។ ក្នុង​ខែកុម្ភៈ ឆ្នាំ ២០៦០ វា​នឹង​ហោះ​មក​ក្បែរ​ផែនដី​បំផុត ពោលគឺ​ក្នុង​រយៈ​ចម្ងាយ​តែ ១.២ លាន​គីឡូម៉ែត្រ ឆ្ងាយ​ជាង ៣ ដង​ប៉ុណ្ណោះ ធៀប​នឹង​ចម្ងាយ​ពី​ផែនដី ទៅ​ព្រះ​ចន្ទ៕

Leave a Reply

Your email address will not be published. Required fields are marked *