អាជ្ញាធរចិន ប្រើប្រាស់វិធីសាស្ត្របណ្ដុះពពកដើម្បីគ្រប់គ្រងទឹកភ្លៀង ការបំពុលបរិស្ថាននៅ រដ្ឋធានីប៉េកាំង នៅមុនទិវាខួប ១០០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន កាលពីខែកក្កដា។
ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យចិន Tsinghua ដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី វិទ្យាសាស្ត្របរិស្ថាន (Environmental Science) ដែលជា ទិនានុប្បវត្តិដែលមានការពិនិត្យ របស់ ចិន កាលពីចុងខែមុន បានឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្ដួចផ្ដើមយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការបន្ថែមធាតុគីមីទៅក្នុងពពកដើម្បីបង្កើតទឹកភ្លៀងនៅជាយក្រុងប៉េកាំង និងតំបន់មួយចំនួននៅក្បែរខាង ប៉ុន្មានម៉ោងប៉ុណ្ណោះ មុនព្រឹត្តិការណ៍រំលឹកខួប ១០០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន ថ្ងៃទី ១ កក្កដា។
ក្រុមអ្នកវិទ្យាសាស្ត្របានគណនាឃើញថា ទឹកភ្លៀងដែលបានបង្កើតឡើង កាត់បន្ថយបានជាង ២/៣ នៃកម្រិតបំពុលបរិយាកាស PM2.5 និងកែលម្អគុណភាពខ្យល់ពី «មធ្យម» ទៅ «ល្អ» ទៅតាមស្ដង់ដារបស់អង្គការសុខភាពពិភពលោក (WHO)។
Wang Can សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្របរិស្ថាន ដែលជាប្រធានក្រុមស្រាវជ្រាវ បានថ្លែងថា ការថយចុះនៃការបំពុលបរិស្ថាននេះមិនមែនកើតឡើងដោយធម្មជាតិនោះទេ ព្រោះថា «ភ្លៀងសិប្បនិម្មិតគឺជាព្រឹត្តិការណ៍អន្តរាគមន៍តែមួយគត់ក្នុងអំឡុងពេលនោះ»។
មនុស្សរាប់ម៉ឺននាក់បានចូលរួមក្នុងព្រឹត្តិការណ៍នៃទិវាខួប ១០០ ឆ្នាំ នៅទីលាន Tiananmen ដែលបានចាប់ផ្ដើមនៅវេលាម៉ោង ៨ នៅក្រោមពពកខ្មៅដេរដាស។ ភ្លៀងមួយមេយ៉ាងធំបានបង្អុរចុះ បន្ទាប់ពីពិធីដែលមានរយៈពេល ២ ម៉ោង បានបញ្ចប់។
អាជ្ញាធរគ្រប់គ្រង់អាកាសធាតុរបស់ ចិន បានព្យាយាមផ្លាស់ប្ដូរអាកាសធាតុសម្រាប់ព្រឹត្តិការណ៍សំខាន់ខាងលើ ចាប់ពីឆ្នាំ ២០០៨ ខណៈដែល ទីក្រុងប៉េកាំង ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិក។
ភ្លៀងបានធ្លាក់ស្ទើររាល់ថ្ងៃ នៅក្នុងសប្ដាហ៍ មុនព្រឹត្តិការណ៍ខួប ១០០ ឆ្នាំ នៃថ្ងៃបង្កើតបក្ស។ ក្នុងទិវាសំខាន់នោះ អ្នកចូលរួម ទទួលបានអាវភ្លៀងដែលដាក់ក្នុងអំណោយអនុស្សាវរីយ៍។
យោងតាមការស្រាវជ្រាវ សកម្មភាពបង្កបង្កើតពពករបស់ ចិន បានចាប់ផ្ដើមនៅវេលាម៉ោង ១៩៖៣០ នាទី មួយថ្ងៃមុនព្រឹត្តិការណ៍ខួប ១០០ ឆ្នាំ។ ប្រជាជនរស់នៅក្នុងតំបន់ភ្នំភាគនិរតីនៃទីក្រុង បានមើលឃើញគ្រាប់កាំភ្លើងធំជាច្រើន ដែលត្រូវបានបានស្រោចទៅលើអាកាសដើម្បីបាចគីមី silver iodide បំណងជំរុញឱ្យមានភ្លៀងធ្លាក់ កាលពីថ្ងៃទី ៣០ មិថុនា។
«វាធំណាស់ ដូចរន្ទះអីចឹង និងកើតឡើងយ៉ាងយូរ។ វាដូចទៅនឹងតំបន់សង្គ្រាម។ ក្រោយមកក៏មានភ្លៀងធ្លាក់មួយមេយ៉ាងធំ» ពលរដ្ឋម្នាក់ថ្លែងដូច្នេះ ខណៈម្នាក់ទៀតនិយាយថា គាត់បានឃើញបំណែកនៃសម្បកគ្រាប់កាំភ្លើងធំនៅក្បែរផ្ទះ។
ប្រទេសចិន បានកសាងប្រព័ន្ធមួយចំនួនដ៏ធំ និងស្មុគ្រស្មាញបំផុតក្នុងពិភពលោក ដើម្បីកែសម្រួលអាកាសធាតុ។ រដ្ឋាភិបាលចិន កាលពីឆ្នាំទៅបានចាប់ផ្ដើមកម្មវិធីកែប្រែអាកាសធាតុនៅតំបន់ភាគខាងលិចប្រទេស ក្នុងនោះមានទាំងតំបន់ ស៊ីនជាំង និង ទីបេ ផងដែរ ដើម្បីទប់ស្កាត់អាកាសធាតុសំណើមនៅលើកម្ពស់ខ្ពស់ ដែលត្រូវបានខ្យល់បក់មកពី មហាសមុទ្រឥណ្ឌា ឆ្លងកាត់ជួរភ្នំហិមពាន្ត (Himalaya)។
ក្រុមអ្នកស្រាវជ្រាវដែលបានចូលរួមអនុវត្តគម្រោងខាងលើរបស់ ចិន បានឱ្យដឹងថា ការបង្កើតទឹកភ្លៀង ឬការគ្រប់គ្រងអាកាសធាតុ ត្រូវពឹងផ្អែកទៅលើប្រព័ន្ធផ្កាយរណប យន្តហោះ ស្ថានីយរ៉ាដារចល័ត និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕