លោក ចូ បៃដិន បានក្អកជាច្រើនដងនៅក្នុងពេលធ្វើសេចក្ដីថ្លែងការណ៍នៅសេតវិមាន ប៉ុន្តែ លោកបានអះអាងថា មិនបានឆ្លងកូវីដ-១៩ នោះទេ ដោយគ្រាន់តែឆ្លងផ្ដាសាយពីចៅប្រុសប៉ុណ្ណោះ។
«ខ្ញុំមិនមានបញ្ហាអ្វីទេ ខ្ញុំធ្វើតេស្តរក កូវីដ-១៩ រាល់ថ្ងៃ» ប្រធានាធិបតីអាម៉េរិក បញ្ជាក់ដូច្នេះកាលពីថ្ងៃទី ៣ ធ្នូ បន្ទាប់ពីត្រូវបានសួរអំពីបញ្ហាសុខភាព ព្រោះតែលោកបានក្អកបន្តបន្ទាប់ក្នុងពេលថ្លែងសុន្ទរកថា។ «ចៅប្រុសអាយុមួយឆ្នាំម្នាក់របស់ខ្ញុំ ផ្ដាសាយ។ គាត់ចូលចិត្តថើបខ្ញុំណាស់»។
វេជ្ជបណ្ឌិតប្រចាំសេតវិមាន លោក Kevin O’Connor ក្រោយមកក៏បានប្រកាសបង្ហាញលិខិតបញ្ជាក់ថា លោក ចូ បៃដិន ឆ្លងជំងឺផ្ដាសាយ។
លោក O’Connor ឱ្យដឹងថា លោកបានធ្វើតេស្ត និងពិនិត្យសុខភាពជូនលោក បៃដិន។ «លទ្ធផលនៃការធ្វើតេស្ត សុទ្ធតែបង្ហាញថា អវិជ្ជមាន។ គាត់ត្រូវបានធ្វើតេស្តកូវីដ-១៩ ចំនួន ៣ ដងរួចហើយនៅក្នុងសប្ដាហ៍នេះ» លិខិតរបស់វេជ្ជបណ្ឌិតប្រចាំសេតវិមាន បានបញ្ជាក់ដូច្នេះ៕