Skip to content

សហភាព​អឺរ៉ុប គូសវាស​គម្រោង «ច្រកទ្វារសកល» ដើម្បី​ទប់ទល់​នឹង​គម្រោង «ខ្សែក្រវាត់​និង​ផ្លូវ» របស់ ចិនដីគោក

សហភាព​អឺរ៉ុប ប្រកាស​គម្រោង​ប្រមូល​ទុន ៣៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​ការវិនិយោគ​ទៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ពាសពេញ​ពិភពលោក ក្នុង​បំណង​ធ្វើឱ្យមាន​តុល្យភាព​ជាមួយនឹង​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ (Belt and Road Initiative / One Belt One Road / OBOR) របស់ ចិនដីគោក។

«Global Gateway (ច្រកទ្វារសកល) នឹង​ឆ្ពោះទៅរក​ការប្រមូល​ទុនវិនិយោគ​នានា​ដែល​ឡើងដល់ ៣០០ ពាន់​លាន​អឺរ៉ូ (៣៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​ដំណាក់កាល​ឆ្នាំ ២០២១-២០២៧ ដែលជា​ការប្រមូលផ្ដុំ​ប្រភពធនធាន​របស់​សហភាព​អឺរ៉ុប បណ្ដា​ប្រទេស​ជា​សមាជិក ស្ថាប័នហិរញ្ញវត្ថុ​អឺរ៉ុប និង​បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ​របស់​បណ្ដា​ប្រទេស» ឯកសារ​របស់​គណៈកម្មកា​រ​អឺរ៉ុប បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ១ ធ្នូ ២០២។

ក្នុង​គម្រោង​នេះ សហភាព​អឺរ៉ុប មិនបាន​និយាយ​ដល់ «គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ» របស់ ប្រទេស​ចិន នោះទេ ប៉ុន្តែ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) សង្កត់ធ្ងន់ថា គម្រោង «ច្រកទ្វារសកល» គឺជា «ទិសដៅ​វិនិយោគ​ធំ ទៅក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ពិភពលោក» ដែល​នេះ លោកស្រី ទំនងជា​ចង់​និយាយថា «ច្រកទ្វារសកល» គឺជា​គម្រោង​សម្រាប់​ធ្វើឱ្យមាន​តុល្យភាព​ជាមួយនឹង «គំនិត​ផ្ដួចផ្ដើម ខ្សែក្រវាត់​និង​ផ្លូវ» របស់ ប្រទេស​ចិន។

ក្រៅពី​ការប្រមូល​ទុន​សម្រាប់​គម្រោង «ច្រកទ្វារសកល» ខាងលើ សហភាព​អឺរ៉ុប ក៏មាន​ផែនការ​ចែករំលែក​បច្ចេក​វិទ្យា និង​ជំនាញ​របស់ អឺរ៉ុប ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ផងដែរ។

ប្រទេស​ចិន កាលពី​ឆ្នាំ ២០១៣ បានចាប់ផ្ដើម​យុទ្ធសាស្ត្រ​វិនិយោគ​ទូទាំង​សកលលោក​ដែល​ប្រទេស​នេះ​ឱ្យ​ឈ្មោះថា «ខ្សែក្រវាត់​និង​ផ្លូវ» ជា​គម្រោង​លំដាប់​កំពូល​របស់ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង។ ទីក្រុង​ប៉េកាំង ឱ្យដឹងថា ខ្លួន​បាន​វិនិយោគ ១៣៩.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក គិត​ត្រឹម​ឆ្នាំ ២០២០ ក្នុងនោះ​មាន ២២.៥ ពាន់​លាន​ដុល្លារ​ត្រូវបាន​វិនិយោគ​សម្រាប់​ឆ្នាំ ២០២០៕

Leave a Reply

Your email address will not be published. Required fields are marked *