Skip to content

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន៖ អាម៉េរិក និង ជប៉ុន នឹង «ធ្វើ​សកម្មភាព» បើសិន ចិន វាយប្រហារ តៃវ៉ាន់

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe អះអាងថា សម្ព័ន្ធមិត្ត ជប៉ុន-អាម៉េរិក មិនអាច​ឱបដៃ​ឈរ​មើល​នោះឡើយ បើសិនជា ចិនដីគោក វាយប្រហារ ចិនតៃវ៉ាន់។

«ស្ថានការណ៍​អាសន្ន​នៅ តៃវ៉ាន់ គឺជា​ស្ថានការណ៍​អាសន្ន​របស់ ជប៉ុន ដូច្នេះ វា​ក៏​ជា​ស្ថានការណ៍​អាសន្ន​ចំពោះ​សម្ព័ន្ធភាព ជប៉ុន-អាម៉េរិក។ ប្រជាជន​នៅ ទីក្រុង​ប៉េកាំង ពិសេស​គឺ​ប្រធានាធិបតី ស៊ី ជីន​ពីង មិនត្រូវ​យល់​ខុស​អំពី​ប្រការនេះ» លោក Shinzo Abe អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ថ្លែង​ដូច្នេះ​នៅក្នុង​វេទិកា​តាម​ប្រព័ន្ធ​វីដេអូ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​តៃវ៉ាន់ នា​ថ្ងៃនេះ។

លោក Abe ថ្លែងថា ប្រជុំ​កោះ Senkaku ដែល ចិន ហៅថា Diaoyu និង​កោះ​នានា​ដូចជា Sakishima, Yonaguni របស់ ជប៉ុន មាន​ចម្ងាយ​ពី កោះ​តៃវ៉ាន់ ត្រឹមតែ ១០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ការវាយប្រហារ​ប្រដាប់អាវុធ​មួយ​សំដៅលើ កោះ​តៃវ៉ាន់ នឹង​ជាការ​គំរាមកំហែង​ដ៏​ធំ​សម្រាប់ ជប៉ុន។

លោក Abe បាន​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំមុន ប៉ុន្តែ លោក​នៅតែមាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​បក្ស​ប្រជាធិបតេយ្យ​សេរី ដែល​កំពុង​កាន់អំណាច។

ផែនទីបង្ហាញ​ពី​ទឹកដី​របស់​ កោះតៃវ៉ាន់ ប្រទេស​ចិន និង​ ជប៉ុន

លោក Abe បញ្ជាក់ថា «តៃវ៉ាន់ ដែលមាន​កម្លាំង​ខ្លាំងក្លា​ជាង រីកចម្រើន និង​ធានា​សេរីភាព សិទ្ធិមនុស្ស ក៏​ជា​ផលប្រយោជន៍​របស់ ជប៉ុន។ ពិតណាស់ ប្រការនេះ​ក៏​ជា​ផលប្រយោជន៍​របស់​ពិភពលោក​ទាំងមូល»។

ទីក្រុង​ប៉េកាំង តែងតែ​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា ចិន ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ដណ្ដើមយក កោះ​តៃវ៉ាន់ ត្រលប់​មកវិញ បើទោះជា​ត្រូវ​ប្រើ​កម្លាំងបាយ។

ចំណែក អាម៉េរិក វិញ មិនមាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ កោះ​តៃវ៉ាន់ ប៉ុន្តែ​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដល់​កោះ​នេះ។ កាលពី​ខែ​មុន រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken ថ្លែងថា អាម៉េរិក និង​សម្ព័ន្ធមិត្ត នឹង «ធ្វើ​សកម្មភាព» បើសិន ចិនដីគោក ប្រើ​អាវុធ​ដើម្បី​ប្ដូរផ្លាស់​ស្ថានការណ៍​នៅលើ កោះ​តៃវ៉ាន់៕

Leave a Reply

Your email address will not be published. Required fields are marked *