លោក Putin យល់ថា សហរដ្ឋអាម៉េរិក កំពុងដើរមុន ចិន មួយជំហាន ទាក់ទងនឹងអាវុធល្បឿនលឿនជាងសំឡេង បើទោះជាមិនបានប្រកាសជាសាធារណៈអំពីបញ្ហានេះ។
«យើងបានមើលឃើញប្រតិកម្មរបស់ អាម៉េរិក ចំពោះការសាកល្បងអាវុធល្បឿនលឿនជាងសំឡេងរបស់ ចិន កាលពីពេលថ្មីៗនេះ» ប្រធានាធិបតីរុស្ស៊ី លោក Putin ថ្លែងដូច្នេះនៅក្នុងវេទិកាវិនិយោគ VTB Capital ដែលមានឈ្មោះថា «ប្រទេសរុស្ស៊ីហៅ ឬ Russia Calling» កាលពីថ្ងៃទី ៣០ វិច្ឆិកា។ «ប៉ុន្តែ ខ្ញុំដឹងថា អាម៉េរិក បានដើរមុនបន្តិចក្នុងការអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង។ ពួកគេគ្រាន់តែមិននិយាយអំពីកិច្ចការនោះ និងមិនមានអ្នកណាបង្កការភ្ញាក់ផ្អើលអំពីវា»។
ការថ្លែងរបស់លោក Putin ត្រូវបានធ្វើឡើង មួយខែក្រោយពី ចិន ត្រូវបានគេសង្ស័យថា បានសាកល្បងរ៉ុក្កែតល្បឿនលឿនជាងសំឡេងដែលមានសមត្ថភាពហោះហើរជុំវិញពិភពលោក។ សារព័ត៌មានរបស់ អាម៉េរិក ដកស្រង់សម្ដីរបស់មន្ត្រីមួយចំនួន ឱ្យដឹងថា ពួកគេ «ភ្ញាក់ផ្អើល» ចំពោះការរីកចម្រើននេះរបស់ ចិន។
មេបញ្ជាការរងនៃកងទ័ពអវកាសអាម៉េរិក លោក David Thompson កាលពីថ្ងៃទី ២០ វិច្ឆិកា យល់ថា សមត្ថភាពនៃអាវុធល្បឿនលឿនជាងសំឡេងរបស់ សហរដ្ឋអាម៉េរិក «មិនទាន់សម័យ» ដូចកម្មវិធីដែលអភិវឌ្ឍដោយ រុស្ស៊ី និង ចិន ព្រមទាំងបានព្រមានថា ទីក្រុងវ៉ាស៊ីងតោន កំពុងតែអន់ថយជាងគូបដិបក្ខនានាក្នុងការរត់ប្រណាំងអាវុធទំនើប។
ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ១៨ វិច្ឆិកា ក៏បានសាកល្បងរ៉ុក្កែតល្បឿនលឿនជាងសំឡេង Zircon ដែលបាញ់ចេញពីនាវាអមការពារ Gorshkov ផងដែរ។ ចំណែកការសាកល្បងអាវុធល្បឿនលឿនជាងសំឡេងរបស់ សហរដ្ឋអាម៉េរិក ក្នុងខែតុលា សុទ្ធតែត្រូវបានគេយល់ថា បានបរាជ័យ។
លោក Putin សង្កត់ធ្ងន់ថា រុស្ស៊ី ផ្ដល់តម្លៃខ្ពស់ដល់កិច្ចសន្ទនាជាមួយ អាម៉េរិក និង ចិន។ «យើងគិតដល់កិច្ចការការពារសន្តិសុខជាតិ និងសហប្រតិបត្តិការជាមួយដៃគូនានាទៅតាមទិសដៅសំខាន់របស់ប្រទេសជាតិ។ ឧទាហរណ៍មួយ នោះគឺ ត្រូវការសន្ទនាស្ដីអំពីស្ថិរភាពយុទ្ធសាស្ត្រជាមួយ អាម៉េរិក និង ចិន» លោក Putin ថ្លែងដូច្នេះ។
ទាក់ទងនឹងការថ្លែងរបស់ប្រធានាធិបតីរុស្ស៊ី ភាគីប្រទសចិន និង សហរដ្ឋអាម៉េរិក មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ៕