Skip to content

សម្លាប់​ភរិយា​ព្រោះតែ​ចង់បាន​ប្រាក់​ធានារ៉ាប់រង​អាយុជីវិត

(សហរដ្ឋ​អាម៉េរិក)- Christopher Collins ត្រូវបាន​ចោទប្រកាន់ថា បានសម្លាប់​ភរិយា ពីរ​ថ្ងៃ​បន្ទាប់ពី​ប្ដី​ប្រពន្ធ​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ធានារ៉ាប់រង​អាយុជីវិត​តម្លៃ ២៥០,០០០ ដុល្លារ។

ប៉ូលិស​តំបន់ Harris នៃ​រដ្ឋ Texas កាលពី​ថ្ងៃទី 18 វិច្ឆិកា ទទួលបាន​ការហៅ​ទូរស័ព្ទ​ពី Christopher Collins អាយុ ៤១ ឆ្នាំ ស្នើឱ្យ​សមត្ថកិច្ច​មកកាន់​ផ្ទះ​របស់ខ្លួន ដើម្បី​ពិនិត្យ​ស្ថានភាព​របស់​ភរិយា​ឈ្មោះ Yuan Hua Liang អាយុ ៤៦ ឆ្នាំ។

នាង​ Yuan Hua Liang អាយុ ៤៦ ឆ្នាំ

«Collins និយាយថា គាត់​បាន​បាត់​ទំនាក់ទំនង​ជាមួយ​ភរិយា បន្ទាប់ពី​នាង​បាន​ផ្ញើ​សារ​ប្រាប់ថា មាន​បុរស​គួរឱ្យ​សង្ស័យ​ម្នាក់ បង្ហាញខ្លួន​នៅក្បែរ​ផ្ទះ។ នៅពេល​បាន​ចូលដល់​ផ្ទះ​របស់​ពួកគេ​នៅក្បែរ​ផ្លូវ Clayton Bluff ក្នុង​ទីក្រុង Cypress ក្រុមប៉ូលិស​បាន​រកឃើញ​ថា ស្ត្រី​ជា​ភរិយា បាន​ស្លាប់​ទៅហើយ» ប៉ូលិស​ក្នុង​តំបន់ Harris ប្រាប់​ដូច្នេះ។ Collins និយាយថា គាត់​បាន​ទៅ​ហាត់ប្រាណ នៅពេល​ប្រពន្ធ​ស្ថិតនៅ​ក្នុងផ្ទះ។

សមត្ថកិច្ច​បញ្ជាក់ថា ពុំមាន​សញ្ញា​ណាមួយ​បង្ហាញថា មាន​ករណី​ចោរ​ចូល​ផ្ទះ។ Collins បាន​ប្រាប់​ប៉ូលិស​ថា ប្ដី​ប្រពន្ធ​ពួកគេ មិនបាន​ទិញ​ធានារ៉ាប់រង​អាយុជីវិត​ទេ ប៉ុន្តែ នៅពេល​ឆែកឆេរ​ក្នុងផ្ទះ ប៉ូលិស​បាន​រកឃើញ​កិច្ចសន្យា​ធានារ៉ាប់រង​អាយុជីវិត​តម្លៃ ២៥០,០០០ ដុល្លារ ដែល​ត្រូវបាន​ប្ដី​ប្រពន្ធ​នេះ​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ១៦ វិច្ឆិកា។

សមត្ថកិច្ច​ស្រុក Harris ក្រោយមក​ក៏បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព និង​បាន​បញ្ជាក់ថា នាង Liang បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង ហើយ​ថា នេះ​គឺជា​ករណី​មនុស្សឃាត។ ក្រុមមន្ត្រី​សន្និដ្ឋានថា នាង Liang ត្រូវ​គ្រាប់កាំភ្លើង​ប្រភេទ ២២ម​ម ឬ ២៥ម​ម ហើយ​ប្រអប់​គ្រាប់កាំភ្លើង ២២ម​ម ត្រូវបាន​រកឃើញ​នៅលើ​ខ្លួន Collins។

https://www.youtube.com/watch?v=w6PMvFY79Z0&t=5s

មកដល់​ថ្ងៃទី ២៤ វិច្ឆិកា Collins ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត ហើយ​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ស្រុក Harris និង​ត្រូវ​បង់ប្រាក់​ធានា​ចំនួន ១៥០,០០០ ដុល្លារ។ តាម​គម្រោង ជនដៃដល់​នេះ​នឹងត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃទី ២ ធ្នូ​ខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *