ការគណនាតាមប្រព័ន្ធកុំព្យូទ័រ (Computer simulation) បានបង្ហាញថា បណ្ដាភពដែលនៅក្មេង ហើយផ្ទៃខាងលើមានសីតុណ្ហភាពខ្ពស់គឺ មានបណ្ឌលថ្ម (សម្បកខាងក្រៅ) យ៉ាងស្ដើង និងស្រួយ មិនអាចទ្រទ្រង់ជីវិត។
បណ្ដាភពក្រៅប្រព័ន្ធព្រះអាទិត្យពិតជាមានភាពខុសប្លែកខ្លាំងណាស់ ក្នុងនោះ មានមួយចំនួនក្ដៅខ្លាំង និងហួតហែង ខណៈមួយចំនួនទៀតមានភ្លៀងត្បូងពេជ្រពិតប្រាកដ។
ដោយការគណនានៅលើប្រព័ន្ធកុំព្យូទ័រ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ ការ៉ូលីណាខាងជើង (North Carolina) និងសាកលវិទ្យាល័យវ៉ាស៊ីងតោន បានឱ្យដឹងថា ពួកគេបានរកឃើញប្រភេទនៃភពថ្មីមួយដែលមានផ្ទៃខាងលើស្រួយដូចសម្បកស៊ុត។
យោងតាមការស្រាវជ្រាវខាងលើ ប្រភេទភពនេះមានមណ្ឌលថ្ម (Lithosphere) យ៉ាងស្ដើង និងស្រួយ។ សណ្ដានដីរបស់ពួកវាក៏រាបស្មើដូចទៅនឹងតំបន់វាលរាបនៅលើភពសុក្រ។
ដូច្នេះតើកត្តាអ្វីខ្លះដែលបានបង្កើតពិភពមួយដែលមានផ្ទៃដូចសម្បកស៊ុត?
ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា សីតុណ្ហភាពនៅលើផ្ទៃភព និងអាយុកាលរបស់ភពគឺជាកត្តាចម្បងដែលនាំឱ្យមាន «ភពសម្បកស៊ុត»។
ភពដែលក្ដៅតែងតែមានសម្បកខាងក្រៅស្រួយ ហើយបើវាកាន់តែក្មេង នោះមណ្ឌលថ្មនឹងកាន់តែស្ដើង។ ភពដែលមានលក្ខណៈដូចសម្បកស៊ុត អាចមិនមានបាតុភូត ផ្លាកតិចតូនិច (plate tectonics) ដូចនៅលើផែនដី ព្រោះតែកម្រិតនៃភាពស្រួយរបស់វាមិនអនុញ្ញាតឱ្យមណ្ឌលថ្មប្រែទៅជាកោង ហើយជាងនេះទៀត វាមានមណ្ឌលថ្មតែមួយស្រទាប់ប៉ុណ្ណោះ។ ពុំមាន ផ្លាកទិចតូនិច គឺមានន័យថា ភពនោះពិបាកក្នុងការទ្រទ្រង់ជីវិត។
របកគំហើញនេះនឹងជួយឱ្យក្រុមអ្នកវិទ្យាសាស្ត្រ កាត់បន្ថយពេលវេលាបានច្រើននៅក្នុងបេសកកម្មរុករកពិភពថ្មីក្នុងអនាគត៕