តំណាងរាស្ត្ររបស់ សហរដ្ឋអាម៉េរិក 5 រូប ដែលដឹកនាំដោយសមាជិកសភាជាន់ទាបមកពីបក្សប្រជាធិបតេយ្យ លោក ម៉ាក តាកាណូ (Mark Takano) បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងនៅពេលធ្វើទស្សនកិច្ច កោះតៃវ៉ាន់ បន្ទាប់ពីតំណាងរាស្ត្រ អាម៉េរិក មួយក្រុមផ្សេងទៀត បានមកកាន់កោះនេះកាលពីប៉ុន្មានសប្ដាហ៍មុន។
ក្រុមតំណាងរាស្ត្រខាងលើមានមនុស្សសរុប 17 នាក់ រួមមាន តំណាងរាស្ត្របក្សកាន់អំណាចនៃសភាជាន់ទាបចំនួន 4 រូប តំណាងរាស្ត្របក្សសាធារណរដ្ឋ 1 រូប រួមជាមួយនឹងជំនួយការរបស់ពួកគេ បានមកដល់ព្រលានយន្តហោះ សុងសាន (Songshan) នៅ ទីក្រុងតៃប៉ិ នៃ កោះតៃវ៉ាន់ តាមយន្តហោះ C40-C របស់កងទ័ព សហរដ្ឋអាម៉េរិក កាលពីយប់ថ្ងៃទី 25 វិច្ឆិកា។ តាមគម្រោង ក្រុមនេះនឹងជួបពិភាក្សាជាមួយមេដឹកនាំ កោះតៃវ៉ាន់ លោកស្រី ត្សៃ អីងវិន (Tsai Ing-wen) និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ក្នុងនោះក៏មានរដ្ឋមន្ត្រីក្រសួងការពារជាតិ ឈីវ គួឆេង (Chiu Kuo-cheng) ផងដែរ។
វិទ្យាស្ថានអាម៉េរិក ប្រចាំ កោះតៃវ៉ាន់ (AIT) កាលពីយប់កន្លងទៅបានប្រកាសថា ក្រុមតំណាងរាស្ត្រខាងលើនឹងស្ថិតនៅ កោះតៃវ៉ាន់ រហូតដល់ដំណាច់ថ្ងៃទី 26 វិច្ឆិកា។
ចាង ហ្សឺវ៉ៃ (Chang Zewei) អ្នកនាំពាក្យរបស់លោកស្រី ត្សៃ អីងវីន បាននិយាយថា ការិយាល័យប្រធានាធិបតី កោះតៃវ៉ាន់ មានការត្រេកអរខ្លាំងចំពោះទស្សនកិច្ច ដែលត្រូវបានធ្វើឡើងក្រោយពីមានដំណើរទស្សនកិច្ចមួយរបស់ក្រុមតំណាងរាស្ត្របក្សសាធារណរដ្ឋ ដឹកនាំដោយលោក ចន ឃ័រនីន (John Cornyn) កាលពីថ្ងៃទី 9 វិច្ឆិកា។
អ្នកនាំពាក្យខាងលើបន្ថែមថា ទស្សនកិច្ចនេះអាចជួយឱ្យទំនាន់ទំនង និងការចែករំលែកព័ត៌មានរវាង សហរដ្ឋអាម៉េរិក និង កោះតៃវ៉ាន់ ទាក់ទិននឹងបញ្ហាសន្តិសុខតំបន់ និងបញ្ហាជាច្រើនផ្សេងទៀត កាន់តែស៊ីជម្រៅ។
មន្ត្រីចិនដីគោក មានការខឹងខ្លាំង និងបានហៅ ទស្សនកិច្ចនៃក្រុមរបស់លើក ចន ឃ័រនីន ថាជាសកម្មភាពបង្កហេតុ ហើយថានឹងបង្កើនការត្រៀមលក្ខណៈសម្រាប់សង្គ្រាមក្នុងតំបន់ ដើម្បីឆ្លើយតបនឹងទង្វើដែល ទីក្រុងប៉េកាំង ហៅថា «សម្ដី និងសកម្មភាពខុសឆ្គងធ្ងន់ធ្ងរ»។
កាលពីខែមិថុនា តំណាងរាស្ត្រ 3 រូបរបស់ អាម៉េរិក ក៏បានធ្វើទស្សនកិច្ច កោះតៃវ៉ាន់ រយៈពេល 3 ម៉ោង ធ្វើឱ្យចិនដីគោក ខឹងយ៉ាងខ្លាំង និងបានព្រមានដល់ កោះតៃវ៉ាន់ និង សហរដ្ឋអាម៉េរិក។ កាលពីខែមេសា អតីតតំណាងរាស្ត្រអាម៉េរិក 1 រូប រួមនឹងអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស 2 រូប ក៏បានមកកាន់ កោះតៃវ៉ាន់ ជួបពិភាក្សាជាមួយលោកស្រី ត្សៃ អីងវីន ផងដែរ៕