បន្ទាប់ពីបានអញ្ជើញ កោះតៃវ៉ាន់ ឱ្យចូលរួមកិច្ចប្រជុំកំពូលស្ដីពីប្រជាធិបតេយ្យ សហរដ្ឋអាម៉េរិក បានធ្វើឱ្យ ចិនដីគោក ប្រតិកម្មខ្លាំងក្លា ហើយភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសទាំងបី ក៏កើនឡើងថែមមួយកម្រិតទៀត។
ក្រសួងការបរទេសអាម៉េរិក កាលពីថ្ងៃទី 23 វិច្ឆិកា បានប្រកាសថា តំណាងនៃប្រទេសជាង 100 ក្នុងនោះមាន កោះតៃវ៉ាន់ ផងដែរ ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលស្ដីពីប្រជាធិបតេយ្យ ដែលនឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី 9 ធ្នូ និង 10 ធ្នូ ខាងមុខ។
ភាគី កោះតៃវ៉ាន់ ក្រោយមកក៏បានបញ្ជាក់ថា មេដឹកនាំនៃស្ថាប័នបច្ចេកវិទ្យាឌីជីថល និងតំណាងរបស់ កោះតៃវ៉ាន់ ប្រចាំ សហរដ្ឋអាម៉េរិក នឹងចូលរួមកិច្ចប្រជុំនេះ។
ទង្វើរបស់ អាម៉េរិក ធ្វើឱ្យ ចិនដីគោក ខ្លាំងយ៉ាងខ្លាំង។ អ្នកនាំពាក្យនៃការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ បានហៅទង្វើរបស់ អាម៉េរិក ថា «ខុសឆ្គង» និងថា ចិនដីគោក «បដិសេធរាល់ទំនាក់ទំនងផ្លូវការរវាងទីក្រុងវ៉ាស៊ីងតោន នឹងតំបន់តៃវ៉ាន់ របស់ ចិន»។
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ក៏បានស្នើឱ្យ អាម៉េរិក «បញ្ឈប់ទំនាក់ទំនងជាមួយនឹងក្រុមផ្ដាច់ខ្លួន» នៅ កោះតៃវ៉ាន់ និងបានព្រមានថា «ប្រលែងលេងនឹងភ្លើងគឺមានតែនាំឱ្យរលាកដៃប៉ុណ្ណោះ»៕