យោងតាមសារព័ត៌មាននៅ អឺរ៉ុប នាយករដ្ឋមន្ត្រីជាស្ត្រីភេទដំបូងបង្អស់របស់ ប្រទេសស៊ុយអែត លោកស្រី Magdalena Andersson ដែលទើបតែត្រូវបានសភាជ្រើសតាំងមុននេះប៉ុន្មានម៉ោងក្នុងថ្ងៃទី 24 វិច្ឆិកា បានប្រកាសថា សម្រេចចិត្តលាលែងពីតំណែង ដោយសារតែការមន្ទិលអំពីភាពស្របច្បាប់។
សារព័ត៌មានអាល្លឺម៉ង់ ដកស្រង់សម្ដីរបស់លោកស្រី Andersson ឱ្យដឹងថា លោកស្រីបានប្រកាសនៅឯ Stockholm កាលពីថ្ងៃទី 24 វិច្ឆិកា ថា លោកស្រីបានស្នើឱ្យប្រធានសភា Andreas Norlen បញ្ចប់តំណែងរបស់លោកស្រី ប៉ុន្តែ លោកស្រីនៅតែមានបំណងត្រលប់មកកាន់អំណាចនៅក្នុងរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបមួយនេះ។
ប្រធានសភា Norlen បានយល់ព្រមតាមសំណើរបស់លោកស្រី Andersson និងបានឱ្យដឹងថា នឹងទាក់ទងទៅកាន់ក្រុមមេដឹកនាំបក្សដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយថានឹងប្រកាសអំពីជំហានបន្ទាប់ក្នុងថ្ងៃទី 25 វិច្ឆិកា។
លោកស្រី Andersson បានមានប្រសាសន៍ថា លោកស្រីមិនចង់ដឹកនាំរដ្ឋាភិបាលមួយដែលត្រូវបានគេសង្ស័យអំពីភាពស្របច្បប់។ ទន្ទឹមនឹងនេះ លោកស្រីក៏បានបញ្ជាក់ថា បក្សបៃតង នឹងនៅតែគាំទ្រលោកស្រីឱ្យធ្វើជានាយករដ្ឋមន្ត្រី។
មុននេះ បក្សបៃតង បានសម្រេចដកខ្លួនពីរដ្ឋាភិបាលចម្រុះ បន្ទាប់ពីសភាបានអនុម័តសំណើថវិការបស់ក្រុមប្រឆាំង។ សហប្រធានបក្សបៃតង Per Bolund ឱ្យដឹងថា នេះគឺជាលើកដំបូងដែលសភាបានអនុម័តលើសំណើថវិកាដែលត្រូវបានចរចាជាមួយបក្សនិយមជ្រុល ដែលនេះចង់សំដៅលើបក្សប្រជាធិបតេយ្យស៊ុយអែត។
ថ្ងៃទី 24 ដទៃ សភាបានជ្រើសតាំងលោកស្រី Andersson ជានាយរដ្ឋមន្ត្រី ជំនួសលោក Stefan Lofven ដែលបានលាលែងពីតំណែងជាផ្លូវការកាលពីដើមខែនេះ ក្រោយកាន់អំណាចបាន 7 ឆ្នាំ។ នៅ ប្រទេសស៊ុយអែត ជាធម្មតា មេដឹកនាំរដ្ឋាភិបាលចម្រុះនឹងលាលែងពីតំណែង បន្ទាប់ពីបក្សមួយបានដកខ្លួនពីសម្ព័ន្ធភាព៕