សភាប្រទេសស៊ុយអែត ទើបតែបានអនុម័តជ្រើសតាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Magdalena Andersson ឱ្យធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ។
ក្នុងការបោះឆ្នោតនៅសភារបស់ ប្រទេសស៊ុយអែត ដែលមាន 349 អាសនៈ កាលពីម្សិលមិញ (24 វិច្ឆិកា) មាន 117 សំឡេងគាំទ្រលោកស្រី Andersson, 174 សំឡេងប្រឆាំង ខណៈ 57 សំឡេងអនុបវាទ និង អវត្តមាន 1 សំឡេង។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ ស៊ុយអែត បេក្ខភាពនាយករដ្ឋមន្ត្រីនៅតែអាចត្រូវបានជ្រើសតាំង និងដឹកនាំប្រទេស ឱ្យតែសំឡេងភាគច្រើននៅសភា (តិចបំផុត 175 សំឡេង) មិនជំទាស់។
ការជ្រើសតាំងលោកស្រី Andersson វ័យ 54 ឆ្នាំ ឱ្យធ្វើជានាយករដ្ឋមន្ត្រីនេះគឺជារបត់ថ្មីដ៏សំខាន់សម្រាប់ ស៊ុយអែត ដែលជាប្រទេសមួយត្រូវបានគេវាយតម្លៃខ្ពស់ផ្នែកសមភាពយេនឌ័រ ប៉ុន្តែ មិនទាន់មានស្ត្រីណាម្នាក់ កាន់តំណែងនាយករដ្ឋមន្ត្រី។