កងកម្លាំងការពារដែនអាកាសរបស់ ប្រទេសស៊ីរី ស្កាត់ចាប់បានរ៉ុក្កែត ជាច្រើនគ្រាប់ដែលបានបាញ់ចេញពីយន្តហោះចម្បាំងរបស់កងទ័ព អ៊ីស្រាអែល ប៉ុន្តែ គ្រាប់រ៉ុក្កែតមួយចំនួនបានទម្លុះប្រព័ន្ធការពារ និងចំគោលដៅនៅ ហម (Homs)។
ទូរទស្សន៍ជាតិស៊ីរី SANA បានប្រកាសថា ព្រឹកថ្ងៃទី 24 វិច្ឆិកា នេះ កងកម្លាំងការពារដែនអាកាសរបស់ប្រទេសស៊ីរី បានវាយស្កាត់ការវាយប្រហារដោយរ៉ុក្កែត របស់ក្រុមយន្តហោះចម្បាំងនៃ ប្រទេសអ៊ីស្រាអែល ដែលបាញ់សំដៅលើតំបន់នានានៅក្នុងទីក្រុង ហម ភាគកណ្ដាលរបស់ ស៊ីរី។
ការវាយប្រហារលើកនេះរបស់ អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋស៊ីវិលរបស់ ស៊ីរី ចំនួន 2 នាក់ និងម្នាក់រងរបួស ខណៈទាហានរបស់ ស៊ីរី ចំនួន 4 នាក់ក៏ត្រូវរងរបួស។ ក្រុមអ្នកយកព័ត៌មានបានឱ្យដឹងថា សំឡេងគ្រាប់កាំភ្លើងលាន់ឡើងនៅក្នុងតំបន់ Al-Mahatta នៅទីក្រុង ហម។ នេះបើតាមការឱ្យដឹងពីប្រភពព័ត៌មានក្នុងជួរកងទ័ពរបស់ ស៊ីរី។
(ខាងលើគឺជាទិដ្ឋភាពរ៉ុក្កែតរបស់ ស៊ីរី ឆ្លើយតបនឹងការវាយប្រហារពីរ៉ុក្កែតរបស់ អ៊ីស្រាអែល កាលពីខែកក្កដា 2020)
មកដល់បច្ចុប្បន្ន ក្រសួងការពារជាតិនៃ ប្រទេសអ៊ីស្រាអែល មិនទាន់មានការអធិប្បាយអ្វីទាក់ទងនឹងព័ត៌មានខាងលើនៅឡើយ។
អ៊ីស្រាអែល តែងតែវាយប្រហារលើតំបន់នានារបស់ ស៊ីរី ក្នុងនោះរួមមានទាំងរដ្ឋធានីដាម៉ាស (Damascus) ផងដែរ។ គោលដៅនៃការវាយប្រហាររបស់ អ៊ីស្រាអែល គឺកងជីវពលដែលស្និទ្ធនឹង អ៊ីរ៉ង់ និងក្រុម ហេសបូឡា របស់ ប្រទេសលីបង់ ក៏ប៉ុន្តែ ពេលខ្លះ កងទ័ពរបស់ ស៊ីរី ក៏ត្រូវរងការវាយប្រហារ។ សកម្មភាពយោធារបស់ អ៊ីស្រាអែល នេះ គឺដើម្បីទប់ស្កាត់កងជីវពលដែលស្និទ្ធនឹង អ៊ីរ៉ង់ លាក់ខ្លួននៅក្នុងប្រទេសជិតខាងមួយនេះ។
ហេសបូឡា និងកងជីវពលស្និទ្ធនឹង អ៊ីរ៉ង់ គឺជាសម្ព័ន្ធមិត្តរបស់កងទ័ពរដ្ឋាភិបាលស៊ីរី នៅក្នុងការប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមអ៊ីស្លាម។ ប៉ុន្តែ អ៊ីស្រាអែល បានចោទ ហេសបូឡា ថា កំពុងប្រើប្រាស់មូលដ្ឋាននៅ ស៊ីរី ជាឈ្នាន់ដើម្បីវាយប្រហារលើតំបន់ខ្ពង់រាប Golan ដែលកំពុងគ្រប់គ្រងដោយទីក្រុង ហ្ស៊េរុយសាឡិម៕