កាលពីថ្ងៃទី 23 វិច្ឆិកា ក្រសួងមហាផ្ទៃរបស់ ប្រទេសស៊ែប៊ី បានបញ្ជាក់ថា មានករណីផ្ទុះជាច្រើននៅក្នុងរោងចក្រផលិតរ៉ុក្កែត ឯកជនមួយ នៅជាយភាគខាងត្បូងនៃរដ្ឋធានី Belgrade បណ្ដាលឱ្យមនុស្សយ៉ាងតិច 2 នាក់បាត់បង់ជីវិត និង 16 នាក់រងរបួស។
ក្រសួងខាងលើបានឱ្យដឹងថា ហេតុការណ៍ផ្ទុះនេះកើតឡើងនៅវេលាម៉ោងប្រហែល 14 (ម៉ោង 20 នៅ កម្ពុជា) ក្នុងទីតាំងឃ្លាំងដែលមានផ្ទុករ៉ុក្កែត 500 គ្រាប់ ហើយក្នុង 1 គ្រាប់ទម្ងន់ 30 គីឡូក្រាម។ យោងតាមទូរទស្សន៍ ស៊ែប៊ី (RTS) ក្នុងរោងចក្រនេះមានបុគ្គលិកប្រហែល 40 នាក់ កំពុងធ្វើការ ក្នុងគ្រាដែលហេតុការណ៍កើតឡើង។
មនុស្សចំនួន 5 នាក់ ត្រូវបានរកឃើញ និងសង្គ្រោះពីតំបន់គ្រោះថ្នាក់។ ក្រុមអ្នកជួយសង្គ្រោះកំពុងញាប់ដៃ ញាប់ជើង ស្វែងរកជនរងគ្រោះជាបន្តទៀត។ នេះបើតាម Milos Majstorovic មេបញ្ជាការក្រុមពន្លត់អគ្គិភ័យនៅ Belgrade។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវដើម្បីស្វែងរកមូលហេតុដែលនាំឱ្យមានហេតុការណ៍ផ្ទុះរោងចក្រផលិតរ៉ុក្កែតនេះ៕