អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Chun Doo-hwan ដែលបានដឹកនាំប្រទេសមួយរូប បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំ 1979 បានទទួលមរណភាពក្នុងវ័យ 90 ឆ្នាំ។
លោក Chun Doo-hwan បានទទួលមរណភាពដោយជំងឺឆ្អឹង នៅវេលាម៉ោង 8 និង 40 នាទី (ម៉ោង 6 និង 40 នាទី នៅ ភ្នំពេញ) ព្រឹកនេះ នៅឯគេហដ្ឋានផ្ទាល់ខ្លួន ក្នុងតំបន់ Seodaemun-gu នៃ រដ្ឋធានីសេអ៊ូល។
លោក Chun Doo-hwan គឺជាប្រធានាធិបតីទី 5 របស់ កូរ៉េខាងត្បូង ដែលកាន់អំណាចចន្លោះឆ្នាំ 1980-1988 បន្ទាប់ពីបានដឹកនាំរដ្ឋប្រហារយោធាកាលពីឆ្នាំ 1979 បណ្ដាលឱ្យប្រធានាធិបតី Park Chung-hee ត្រូវបានគេធ្វើឃាត។
អតីតប្រធានាធិបតីរូបនេះ កើតនៅក្នុងទីរួមស្រុកដ៏ក្រីក្រ Yulgok-myeonm ក្នុងសម័យអាណានិគមនិយមជប៉ុន។ លោកបានចូលបម្រើការក្នុងជួរកងទ័ពតាំងពីនៅរៀនវិទ្យាល័យ រហូតដល់បានឡើងជាមេបញ្ជាការកាលពីឆ្នាំ 1979។
លោកធ្លាប់បានចេញបញ្ជាឱ្យកងទ័ពបង្ក្រាបលើហ្វូងបាតុករគាំទ្រប្រជាធិបតេយ្យកាលពីឆ្នាំ 1980 នៅ Gwangju។
ឆ្នាំ 1995 លោកត្រូវបានចោទប្រកាន់ពីបទបះបោរ ក្បត់ជាតិ និងត្រូវបានចាប់ខ្លួន ក្រោយពីមិនព្រមចូលសវនាការ និងគេចខ្លួនទៅស្រុកកំណើត។ ក្នុងសវនាការក្រោយមក អតីតប្រធានាធិបតី Chun បានប្រកាសថា រដ្ឋប្រហារយោធាដែលលោកបានធ្វើឡើងគឺជារឿងចាំបាច់ដើម្បីការពារទឹកដីពីវិបត្តិនយោបាយ។
ឆ្នាំ 1996 លោក Chun ត្រូវបានកាត់ទោសប្រហារជីវិត ក្នុងគ្រាដែលសម្ព័ន្ធមិត្តរបស់លោក គឺ អតីតប្រធានាធិបតី Roh Tae-woo ក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគាររាប់សិបឆ្នាំ។ ប៉ុន្តែ តុលាការកំពូល បានសម្រាលទោស ដោយសារតែលោកធ្លាប់បានជួយឱ្យសេដ្ឋកិច្ចរីកចម្រើន និងប្រគល់អំណាចដោយសន្តិវិធីដល់អ្នកដឹកនាំជំនាន់ក្រោយ នាឆ្នាំ 1988។
លោក Chun Doo-hwan និងលោក Roh Tae-woo សុទ្ធតែទទួលបានការលើកលែងទោសពីអតីតប្រធានាធិបតី Kim Young-sam កាលពីឆ្នាំ 1997។ ឆ្នាំ 2020 លោក Chun ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ (ក្រៅឃុំ) 8 ខែ ដោយសារតែបានបរិហារកេរ្តិ៍លើសកម្មជនប្រជាធិបតេយ្យមួយរូបដែលបានស្លាប់ទៅហើយ៕