ទាហានឆត្រយោងពីរនាក់បានប៉ះទង្គិចគ្នា បណ្ដាលឱ្យខ្សែឆត្រយោងត្រូវទាក់ជាប់ និងធ្លាក់មកដីពីកម្អស់ជាង 100 ម៉ែត្រ នៅ Rio de Janeiro នាំឱ្យទាហានមួយរូបបាត់បង់ជីវិត ខណៈមួយរូបទៀតរងរបួសធ្ងន់ធ្ងរ។
គ្រោះថ្នាក់ខាងបានកើតឡើងនៅពេលទាហានលោតឆត្រយោងពីរនាក់គឺ Nascimento de Souza និង Francisco Damiao Vieira Neto ចូលរួមក្នុងព្រឹត្តិការណ៍លោតឆត្រយោងស៊ីវិលមួយនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល កាលពីថ្ងៃទី 13 វិច្ឆិកា។
វីដេអូដែលត្រូវបានសារព័ត៌មានអាម៉េរិក ចុះផ្សាយកាលពីចុងសប្ដាហ៍មុន បង្ហាញថា នៅពេលកំពុងបញ្ជាឆត្រនៅលើកម្ពស់ជាង 100 ម៉ែត្រ ម្នាក់ក្នុងចំណោមពីរនាក់ខាងលើទំនងជាបាត់បង់ម្ចាស់ការ បណ្ដាលឱ្យប៉ះទង្គិចទៅលើឆត្ររបស់ម្នាក់ទៀត។
ឧបទ្ទវហេតុនេះបណ្ដាលឱ្យខ្សែឆត្រយោងត្រូវទាក់ជាប់គ្នា។ ដោយបាត់បង់កម្លាំងយោង ឆត្រទាំងពីរក៏ធ្លាក់យ៉ាងរហ័សមកដី នាំឱ្យ Souza ត្រូវបាត់បង់ជីវិត ចំណែក Neto ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយសាររងរបួសធ្ងន់ធ្ងរ។
កងវរសេនាតូចឆត្រយោងដែលជាកន្លែងធ្វើការរបស់ Souza បានឱ្យដឹងថា ព្រឹត្តិការណ៍លោតឆត្រយោងដែលគាត់បានចូលរួម ត្រូវបានបង្កើតឡើងដោយក្លិបអ្នកលោតឆត្រយោងស៊ីវិល Resende។
បច្ចុប្បន្នមិនទាន់ដឹងច្បាស់ថា តើក្រុមមន្ត្រីប្រេស៊ីល បានស្រាវជ្រាវលើឧបទ្ទវហេតុនេះដែរ ឬយ៉ាងណានោះទេ។
សូមរំលឹកថា នៅ កម្ពុជា កាលពីខែមករា ឆ្នាំ 2021 ក៏មានករណីស្រដៀងគ្នានេះកើតឡើងផងដែរ។ កាលណោះ នៅពេលលោតពីលើយន្តហោះ ចុះមកក្រោម ឆត្ររបស់គ្រូបង្វឹក វរសេនីយ៍ត្រី លឹម សាយ បានព័ន្ធគ្នាជាមួយនឹងឆត្ររបស់សិស្សម្នាក់ទៀត បណ្ដាលឱ្យធ្លាក់មកដីពេញទំហឹង ធ្វើឱ្យអ្នកទាំងពីររងរបួសធ្ងន់ តែជាអកុសល លោកគ្រូ លឹម សាយ បានស្លាប់ នៅពេលកងកម្លាំងបញ្ជូនទៅដល់មន្ទីរពេទ្យ៕