Skip to content

ជំនួប​កំពូល អាម៉េរិក-ចិន! ប្រធានាធិបតី Biden អំ​នាវ​ឱ្យមាន​ការទប់ស្កាត់​ជម្លោះ​ប្រដាប់អាវុធ

ប្រធានាធិបតី​អាម៉េរិក យល់ថា ត្រូវការ «របង​ការពារ» ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​ប្រដាប់អាវុធ ខណៈ​​ដែល​ប្រធានាធិបតី​ចិន សង្កត់​ធ្ងន់ថា ត្រូវតែ​កែសម្រួល​ទំនាក់ទំនង នៅក្នុង​ជំនួប​កំពូល​នា​ព្រឹក​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក Joe Biden និង​ប្រធានាធិបតី ចិន Xi Jinping បានចាប់ផ្ដើម​កិច្ចប្រជុំ​កំពូល​តាមរយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃទី 16 វិច្ឆិកា (ព្រលប់​ថ្ងៃទី 15 វិច្ឆិកា នៅ​ភាគ​ខាងកើត​សហរដ្ឋ​អាម៉េរិក)។ វីដេអូ​ដែល​ផ្ដល់​ដោយ​សេត​វិមាន​បង្ហាញថា លោក Biden អង្គុយ​ក្បែរ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken និង​អ្នកបកប្រែ​ម្នាក់ ហើយ​នៅក្បែរនោះ​គឺ​អេក្រង់​ទូរទស្សន៍​ដែល​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ជាមួយនឹង​លោក Xi Jinping នៅ​ទីក្រុង​ប៉េកាំង។

នៅក្នុង​ជំនួប​នេះ លោក Biden ថ្លែងថា ត្រូវការ «របង​ការពារ» ដើម្បី​ធានាថា ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំងពីរ មិន​នាំទៅរក​ជម្លោះ​ប្រដាប់អាវុធ បើទោះជា​មាន ឬ​មិនមាន​ចេតនា។ លោក​បន្តថា ប្រទេស​ទាំងពីរ​នឹងមាន «ជំនួប​ពិភាក្សា​ត្រង់​ទៅ ត្រង់​មក»។

កន្លងមក លោក Biden បានប្រកាសថា នឹង​សង្កត់ធ្ងន់​លើ​បញ្ហា​សិទ្ធិមនុស្ស សេដ្ឋកិច្ច និង​ធានា​ឱ្យបាន​នូវ​សេរីភាព យុត្តិធម៌​សម្រាប់​តំបន់​មហាសមុទ្រ​ឥណ្ឌា-ប៉ាស៊ីហ្វិក។

ចំណែក​លោក Xi Jinping វិញ បាន​ថ្លែងថា៖ «ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក និង​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប្រទេស​ចិន និង សហរដ្ឋ​អាម៉េរិក ត្រូវការ​បង្កើន​ទំនាក់ទំនង និង​សហការគ្នា»។

លោក Xi Jinping បន្តថា៖ «ចិន និង អាម៉េរិក គួរតែ​គោរព​គ្នា រួមរស់​នៅក្នុង​សន្តិភាព​ជាមួយគ្នា និង​សហការគ្នា​​ដើម្បី​​​ស្វែង​រក​​ផល​ប្រយោជន៍​រួម»។

ក្រោយ​ការ​ថ្លែង​ដំបូង មេដឹកនាំ​ទាំងពីរ​បន្ត​ពិភាក្សា​សម្ងាត់ ហើយ​ក្រុម​អ្នកយកព័ត៌មាន​ត្រូវបាន​ស្នើឱ្យ​ចាក​ចេញ​ពី​បន្ទប់​ប្រជុំ។

នេះ​គឺជា​ជំនួប​កំពូល​អន​ឡាញ​ដំបូង​រវាង​មេដឹកនាំ​ទាំងពីរ រាប់​ចាប់ពី​ពេល​លោក Biden បាន​ឡើងកាន់​អំណាច។

មុន​ជំនួប​កំពូល​នេះ ជំនួយការ​ផ្នែក​សារព័ត៌​មាននៅ​សេត​វិមាន Jen Psaki បានឱ្យដឹងថា «ជំនួប​នឹងត្រូវ​បានធ្វើ​ឡើង​ច្រើន​ម៉ោង ហើយ​មេដឹកនាំ​ទាំងពីរ​រូប​នឹង​ពិភាក្សា​អំពី​វិធីសាស្ត្រ​គ្រប់គ្រង​ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំងពីរ​ប្រកបដោយ​ការទទួលខុសត្រូវ ក៏ដូចជា​កិច្ចសហការ​ក្នុង​វិស័យ​ដែល​ប្រទេស​ទាំងពីរ​យកចិត្តទុកដាក់​រួម។ រីឯ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន Hua Chunying ឱ្យដឹងថា មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​អំពី​ការយល់ឃើញ និង​ទំនាក់ទំនង​ទ្វេភាគី រួម​នឹង​បញ្ហា​​ដែល​​ទាក់​ទង​​នឹង​​ផលប្រយោជន៍​របស់​ចិន និង សហរដ្ឋ​អាម៉េរិក។

ក្រុមអ្នកតាមដាន​ស្ថានការណ៍​អន្តរជាតិ មិន​រំពឹង​ច្រើន​ទៅលើ​ជំនួប​កំពូល​រវាង អាម៉េរិក-ចិន លើក​នេះ​ទេ ប៉ុន្តែ បាន​វាយ​តម្លៃ​ថា ​ព្រឹត្តិការណ៍​នេះ​ពិត​ជាមាន​សារសំខាន់​នៅពេល​មេដឹកនាំ​ទាំងពី​រូប​សុទ្ធតែ​មានបំណង​ផ្សះផ្សា​ទំនាក់ទំនង​ដែល​បាន​ប្រេះស្រាំ​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លងមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *