Skip to content

រុស្ស៊ី បង្ហោះ​រ៉ុក្កែត បាញ់​កម្ទេច​​ផ្កាយ​រណប​​ជា 1,500 បំណែក ធ្វើឱ្យ​ក្រុម​អ្នក​​អវកាស​​​ភ័យ​ស្លន់ស្លោ ខណៈ អាម៉េរិក ប្រតិកម្ម​ខ្លាំងក្លា

ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​ចោទប្រកាន់ រុស្ស៊ី ថា មាន «ទង្វើ​ប្រកបដោយ​គ្រោះថ្នាក់ និង​គ្មាន​ការទទួលខុសត្រូវ» ​នៅ​ពេល​សាកល្បង​ប្រើ​អាវុធ​បាញ់​កម្ទេច​ផ្កាយរណប​ជា 1,500 បំណែក នៅលើ​គន្លង​គោចរ ធ្វើឱ្យ​ក្រុម​អ្នក​អវកាស​នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ត្រូវ​រក​កន្លែង​សុវត្ថិភាព។

យោងតាម​សារព័ត៌មាន Guardian សហរដ្ឋ​អាម៉េរិក បាន​ចោទប្រកាន់ រុស្ស៊ី ថា «ធ្វើ​ទង្វើ​ប្រកបដោយ​គ្រោះថ្នាក់ និង​មិនមាន​ការទទួលខុសត្រូវ» បន្ទាប់ពី​ទីក្រុង​មូ​ស្គូ បានធ្វើការ​សាកល្បង​អាវុធ​ប្រឆាំង​ផ្កាយរណប​នៅ​ទី​អវកាស។

រុស្ស៊ី បាន​បាញ់​បង្ហោះ​រ៉ុក្កែត​សំដៅ​ផ្កាយរណប​មួយគ្រឿង​របស់ខ្លួន កាលពី​ចុង​សប្ដាហ៍​កន្លង ធ្វើឱ្យ​ផ្កាយរណប​ត្រូវ​បែកខ្ចាយ​ជា 1,500 បំណែក នៅលើ​កន្លង​គោចរ​ដែល​គេ​អាច​មើលឃើញ និង​បំណែកតូចៗរាប់រយ​ផ្សេងទៀត​ដែល​មិនអាច​មើលឃើញ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​កំពុងធ្វើការ​នៅលើ ISS ភ្លាមនោះ​ត្រូវបាន​ណែនាំ​ឱ្យចូល​ជ្រក​ក្នុង «សម្បក​សង្គ្រោះ​ជីវិត» ពិសេស បន្ទាប់ពី​បំណែក​នានា​របស់​ផ្កាយរណប​បាន​ហោះ​ខ្ទាត​ចេញទៅ​ក្នុង​ទី​អវកាស។ «សម្បក​សង្គ្រោះ​ជីវិត» ពិសេស​នេះ អាច​ផ្ដាច់ខ្លួន​ចេញពី ISS និង​នាំ​អ្នក​អវកាស​ត្រលប់​មកកាន់​ផែនដី។

Ned Price អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាម៉េរិក កាលពី​ថ្ងៃទី 15 វិច្ឆិកា បានប្រកាសថា៖ «ការសាកល្បង​នេះ​នឹងធ្វើ​ឱ្យ​ក្រុម​អវកាស​ចរ​នៅលើ ISS ក៏ដូចជា​សកម្មភាព​ហោះហើរ​ក្នុង​អវកាស​ផ្សេងទៀត​របស់​មនុស្ស ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្ពស់»។

«សហរដ្ឋ​អាម៉េរិក នឹងធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​ដែល​គ្មាន​ការទទួលខុសត្រូវ​រប​ស់ រុស្ស៊ី» លោក Ned Price អះអាង​ដូច្នេះ។

បំណែក​របស់​ផ្កាយ​រណប​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​ហោះ​ហើរ​នៅក្នុង​ទីអវកាស​

ក្រៅពី​ក្រសួងការបរទេស ក្រសួងការពារជាតិរ​បស់ សហរដ្ឋ​អាម៉េរិក និង អង់គ្លេស ក៏បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​បំណែក​ផ្កាយរណប​ដែល រុស្ស៊ី បាន​កម្ទេច​នេះដែរ។

ការសាកល្បង​អាវុធ​ប្រឆាំង​ផ្កាយរណប កម្រ​នឹង​ត្រូវបាន​គេ​ធ្វើឡើង ហើយ​វា​តែង​ត្រូវបាន​សហគមន៍​អ្នក​អវកាស​​​រិះគន់ ​ដោយ​សារ​តែ​វា​បង្ក​ហានិភ័យ​ដល់​ការហោះហើរ​លើ​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី។ កាលពី​ឆ្នាំ 2020 សហរដ្ឋ​អាម៉េរិក ក៏​ធ្លាប់បាន​រិះគន់ រុស្ស៊ី ម្ដង​រួចហើយ បន្ទាប់ពី​ប្រទេស​នេះ​បង្ហោះ​រ៉ុក្កែត​សំដៅ​កម្ទេច​ផ្កាយរណប​មួយគ្រឿង នៅក្នុង​ក្របខណ្ឌ​នៃ​ការសាកល្បង​អាវុធ។

កងទ័ព និង​ក្រសួងការពារជាតិ​រប​ស់ រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​អំពី​ការចោទប្រកាន់​ពី​សំណាក់ សហរដ្ឋ​អាម៉េរិក ចំពោះ​បញ្ហា​ខាងលើ​នៅឡើយ។

យោងតាម​របាយការណ៍​របស់ Spaceflight Now ក្រុម​អវកាស​ចរ​របស់ NASA រួមមាន Raja Chari, Tom Marshburn, Kayla Barron និង អវកាស​ចរ Matthias Maurer របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាននាំគ្នា​ឈ្លៀស​ខ្លួន​ទៅកាន់​យានអវកាស SpaceX Crew Dragon ដើម្បី​ធានា​សុវត្ថិភាព។ ចំណែក​អ្នក​អវកាស Shkaplerov និង Pyotr Dubrov របស់ រុស្ស៊ី និង​អ្នក​អវកាស Mark Vande Hei របស់ NASA ក៏បាន​ឡើង​យានអវកាស Soyuz របស់ រុស្ស៊ី ផងដែរ។

គិត​មកដល់​បច្ចុប្បន្ន មាន​ប្រទេស​ចំនួន 3 បានធ្វើការ​សាកល្បង​អាវុធ​ប្រឆាំង​ផ្កាយរណប រួមមាន សហរដ្ឋ​អាម៉េរិក (មួយ​លើក កាលពី​ឆ្នាំ 1959), រុស្ស៊ី (4 លើក ក្នុងនោះ 3 លើក​ក្នុង​ឆ្នាំ 2020 និង 1 លើក​ក្នុង​ឆ្នាំ 2021) និង ប្រទេស​ចិន (1 លើក​ក្នុង​ឆ្នាំ 2007)៕

Leave a Reply

Your email address will not be published. Required fields are marked *