Skip to content

ប្រធានាធិបតី​អាម៉េរិក អនុម័ត​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​ខ្ទង់​លាន​​​លាន​​ដុល្លារ

ប្រធានាធិបតី Joe Biden បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​របស់ សហរដ្ឋ​អាម៉េរិក ដែលមាន​តម្លៃ 1.2 លាន​លាន (1,200 ពាន់​លាន/1.2 ទ្រី​លាន) ដុល្លារ ដែលជា​កញ្ចប់​ថវិកា​ធំ​បំផុត​ក្នុងអំឡុង​ជាង​ពាក់កណ្ដាល​សតវត្ស​រ៍ម​ក​នេះ។

សេចក្ដីព្រាងច្បាប់​ដែល​ត្រូវបាន​លោក Biden ចុះហត្ថលេខា​នៅ​សេត​វិមាន កាលពី​ថ្ងៃទី 15 វិច្ឆិកា​កន្លង​ទៅនឹង​ផ្ដល់​ថវិកា​ចំនួន 1.2 លាន​លាន​ដុល្លារ ដើម្បី​ជួសជុល​ស្ពាន ផ្លូវ ប្ដូរ​ប្រព័ន្ធ​បំពង់​បង្ហូរទឹក កសាង​ប្រព័ន្ធ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី និង​ពង្រីក​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត។ នេះ​គឺជា​ខ្ទង់​ថវិកា​វិនិយោគ​ធំ​បំផុត​របស់ សហរដ្ឋ​អាម៉េរិក រាប់​ចាប់ពី​ពេល​បង្កើត​ប្រព័ន្ធ​ផ្លូវថ្នល់​ល្បឿន​លឿន​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1950។

«ថ្ងៃនេះ យើងទាំងអស់គ្នា ចុងក្រោយ​ក៏​សម្រេចបាន​ប្រការនេះ។ សារ​ដែល​ខ្ញុំ​ចង់​ផ្ដាំផ្ញើ​ដល់​ពលរដ្ឋ​អាម៉េរិក នោះ​គឺថា ប្រទេសជាតិ​កំពុងដំណើរការ​ឡើងវិញ ហើយ​ជីវភាព​របស់​អ្នក​ទាំងអស់គ្នា​នឹង​បាន​ប្ដូរផ្លាស់​ទៅតាម​ទិសដៅ​ល្អប្រសើរ​ជាង​នេះ» លោក Joe Biden ថ្លែង​នៅ​ចំពោះមុខ​មនុស្ស​រាប់រយ​នាក់ នៅឯ​វាលស្មៅ​របស់​សេត​វិមាន។

លោក Biden បាន​ចំណាយពេល​អស់​ជាច្រើន​ខែ​ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​បក្ស​ប្រជាធិបតេយ្យ ដែលមាន​បញ្ហា​មិន​ចុះសម្រុង​គ្នា ឱ្យ​បោះឆ្នោត​គាំទ្រ​សេចក្ដីព្រាងច្បាប់​នេះ។

អ្នកនាំពាក្យ​របស់​សេត​វិមាន Jen Psaki បានឱ្យដឹងថា ប្រធានាធិបតី Biden «ខកចិត្ត​ព្រោះតែ​ភាពអវិជ្ជមាន និង​បញ្ហា​ផ្ទៃក្នុង» របស់​បក្ស​ប្រជាធិបតេយ្យ ក្រោយ​លោក​ឡើងកាន់​អំណាច​បាន 10 ខែ ប៉ុន្តែ ខ្ទង់​ថវិកា​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ត្រូវបាន​វាយតម្លៃថា​នឹង​អាច​កែលម្អ​ស្ថានការណ៍។

លោក Biden គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ New Hampshire នៅ​ថ្ងៃទី 16 វិច្ឆិកា ដើម្បី​ពិនិត្យ​ស្ពាន​មួយ​ខ្សែ​ដែល​ស្ថិតក្នុង​បញ្ជី​ដែល​ត្រូវ​ជួសជុល ក្រោយមក លោក​នឹង​ទៅកាន់ Detroit ដើម្បី​ជួប​សុខទុក្ខ​តំណាង​សហជីព៕

Leave a Reply

Your email address will not be published. Required fields are marked *