Skip to content

ស្ថាបនិក​របស់ WikiLeaks ត្រូវបាន​អនុញ្ញាតឱ្យ​រៀបការ​ក្នុង​ពន្ធនាគារ

Julian Assange ដែលជា​ស្ថាបនិក​របស់​គេហទំព័រ WikiLeaks ត្រូវបាន​ក្រុមមន្ត្រី​នៃ​ប្រទេស​អង់គ្លេស អនុញ្ញាត​ឱ្យធ្វើ​ពិធី​រៀបការ​ជាមួយ​មិត្តស្រី Stella Morris នៅក្នុង​ពន្ធនាគារ Belmarsh។

«ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត និង​មាន​សង្ឃឹមថា អាពាហ៍ពិពាហ៍​របស់​ពួកយើង​នឹងមិន​ជួប​ឧបសគ្គ​អ្វី​ទៀត​ទេ» Stella Morris បាន​ប្រាប់​សារព័ត៌មាន PA របស់ អង់គ្លេស កាលពី​ថ្ងៃទី 11 វិច្ឆិកា។

អ្នកនាំពាក្យ​នៃ​ស្ថាប័ន​គ្រប់គ្រង​ពន្ធនាគារ​របស់ អង់គ្លេស ឱ្យដឹងថា លិខិត​ស្នើសុំ​រៀបការ​ក្នុង​ពន្ធនាគារ​របស់​ស្ថាបនិក WikiLeaks ត្រូវបាន​ទទួលយក និង​ចាត់ការ​ដូច​ករណី​ធម្មតា។ Morris មិនទាន់​ប្រកាស​ថ្ងៃ​រៀប​មង្គលការ​នៅឡើយ។

Assange និង Morris បាន​ស្គាល់គ្នា​ក្នុងអំឡុង​ស្ថាបនិក WikiLeaks កំពុង​ជ្រកកោន​នៅក្នុង​ស្ថានទូត​ប្រទេស​អេ​ក្វា​ឌ័​រ នៅ​ទីក្រុង​ឡុង​ដ៍។ ពួកគេ​មានកូន​ពីរ​នាក់​ដែល​សុទ្ធ​តែមាន​សញ្ញា​អង់គ្លេស។

Assange បាន​លាក់ខ្លួន​ក្នុង​ស្ថានទូត អេ​ក្វា​ឌ័​រ នៅ​ទីក្រុង​ឡុង​ដ៍​អស់​រយៈពេល 5 ឆ្នាំ ដើម្បី​គេច​ពី​ដីកា​ធ្វើ​បត្យាប័ន​ត្រលប់​ទៅកាន់​ប្រទេស​ស៊ុយអែត ដោយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ។ Assange យល់ថា រឿងក្ដី​នេះ​គឺ​គ្រាន់តែ​ជាការ​បិទបាំង​ដើម្បី​អាច​នាំខ្លួន​លោក​ទៅ​ទទួលទោស​នៅ សហរដ្ឋ​អាម៉េរិក ប៉ុណ្ណោះ ទាក់ទិន​នឹង​សកម្មភាព​កាលពី​ច្រើន​ឆ្នាំមុន​របស់ WikiLeaks។

តុលាការ​របស់ អង់គ្លេស កាលពី​ខែមករា បាន​បដិសេធ​សំណើ​របស់ សហរដ្ឋ​អាម៉េរិក ដែល​ចង់​នាំខ្លួន Assange ទៅ​កាត់ទោស។ បច្ចុប្បន្ន Assange កំពុង​រង់ចាំ​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល៕

Leave a Reply

Your email address will not be published. Required fields are marked *