Skip to content

សហរដ្ឋ​អាម៉េរិក ប្រកាសថា នឹង «បញ្ចេញស្នាដៃ» បើសិន កោះ​តៃវ៉ាន់ រង​ការវាយប្រហារ

រដ្ឋមន្ត្រីការបរទេស Blinken ប្រកាសថា សហរដ្ឋ​អាម៉េរិក រួម​ជាមួយនឹង​សម្ព័ន្ធមិត្ត នឹង​ចាត់ការ បើសិនជា ប្រទេស​ចិន ប្រើ​កម្លាំងបាយ​ក្នុងការ​ផ្លាស់ប្ដូរ​ស្ថានការណ៍​នៅ តៃវ៉ាន់ ប៉ុន្តែ មិនបាន​លើកឡើង​លម្អិត​នោះទេ។

«មាន​ប្រទេស​ជាច្រើន​នៅក្នុង និង​ក្រៅ​តំបន់ ចាត់ទុកថា រាល់​សកម្មភាព​ឯកតោភាគី​ដែល​ប្រើប្រាស់​កម្លាំងបាយ​ដើម្បី​បំផ្លាញ​ស្ថានការណ៍​បច្ចុប្បន្ន​គឺជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្ដិសុខ» រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក Antony Blinken ថ្លែង​ដូច្នេះ​កាលពី​ម្សិលមិញ នៅពេល​ត្រូវបាន​សួរថា តើ សហរដ្ឋ​អាម៉េរិក អាច​ចូលរួម​ការពារ តៃវ៉ាន់ ដែរ​ទេ បើសិន​ត្រូវ ចិនដីគោក វាយប្រហារ។

លោក Blinken បន្ថែមថា៖ «ពួកគេ​ក៏ដូចជា សហរដ្ឋ​អាម៉េរិក នឹង​បញ្ចេញ​សកម្មភាព បើសិន​បញ្ហា​នោះ​កើតឡើង» ប៉ុន្តែ មន្ត្រី​រូបនេះ​មិនបាន​លើកឡើង​សេចក្ដីលម្អិត​ថា ប្រទេស​នេះ និង​សម្ព័ន្ធមិត្ត​នឹងធ្វើ​អ្វីខ្លះ​នៅក្នុង​សេណារីយោ «ចិន វាយប្រហារ តៃវ៉ាន់»។

ប្រកាស​របស់លោក Blinken ត្រូវបាន​លើកឡើង​នៅមុន​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាម៉េរិក Joe Biden និង​ប្រធានាធិបតី​ចិន Xi Jinping ដែល​ត្រូវបាន​គេ​ជឿថា នឹងធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ។ នេះ​នឹង​ជា​ជំនួប​ដំបូង​រវាង​មេដឹកនាំ​ទាំងពីរ បន្ទាប់ពី​លោក Joe Biden ឡើងកាន់​អំណាច។

កាលពី​ខែ​មុន ប្រធានាធិបតី Biden ក៏​ធ្លាប់បាន​ថ្លែង​ដូច​លោក Blinken ដែល​ប្រការនេះ​គឺ​ផ្ទុយទៅនឹង​គោលនយោបាយ​តាំងពី​យូរ​មកហើយ​របស់ សហរដ្ឋ​អាម៉េរិក ដែល​ទទួលស្គាល់​ប្រទេស​ចិន​តែមួយ។

ប្រទេស​ចិន តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​រង់ចាំតែ​ថ្ងៃ​បម្រួបបម្រួម​ប៉ុណ្ណោះ ហើយ​ថា នឹង​ប្រើ​កម្លាំង​ទ័ព​បើសិនជា​ចាំបាច់៕

Leave a Reply

Your email address will not be published. Required fields are marked *