Skip to content

ប្រជាជន​ឥណ្ឌា ងូតទឹក​ទន្លេ​ទេព​ដែល​គ្របដណ្ដប់​ដោយ​ពពុះ​ពុល​ក្នុង​ពិធីបុណ្យ​សាសនា (វីដេអូ)

ពលរដ្ឋ​ឥណ្ឌា ដែល​កាន់សាសនា​ហិណ្ឌូ នាំគ្នា​ទៅ​ងូតទឹក​ទន្លេ Yamuna ដើម្បី​សម្ដែង​អំណរគុណ​ដល់​ព្រះអាទិត្យ បើទោះជា​ផ្ទៃ​ទឹកទន្លេ​គ្របដណ្ដប់​ដោយ​ពពុះ​មាន​ជាតិពុល ដោយសារតែ​ទឹក​សំណល់​មិនទាន់​ឆ្លងកាត់​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម។

ពពុះទឹក​មាន​ផ្ទុក​ជាតិពុល គ្របដណ្ដប់​លើ​ផ្ទៃ​ទឹកទន្លេ Yamuna ជាច្រើន​កន្លែង​ដែល​ហូរ​ឆ្លងកាត់​រដ្ឋធានី New Delhi របស់​ប្រ​ទស​ឥណ្ឌា កាលពី​ថ្ងៃទី 9 វិច្ឆិកា ភាគច្រើន​ត្រូវបាន​គេ​យល់ថា កើតឡើង​ដោយសារ​ទឹក​សំណល់​ឧស្សាហកម្ម​ខុសច្បាប់ ហើយ​ទឹក​មាន​ផ្ទុក​ជាតិពុល​មិនទាន់​ឆ្លងកាត់​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់។ នេះ​បើតាម​សកម្មជន​បរិស្ថាន Varun Gulati។

យោងតាម Gulati រោងចក្រ​កាត់ដេរ ដែល​ស្ទើរតែ​ទាំងអស់​ត្រូវបាន​បង្កើត​ឡើង​ដោយ​មិន​ស្របច្បាប់​នៅក្នុង​តំបន់​ប្រជុំជន​នៅ​រដ្ឋធានី កំពុង​បញ្ចេញ​ទឹក​សំណល់​ពុល​ចូលទៅក្នុង​បណ្ដា​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ច្រើនជាង​កម្រិត​អនុញ្ញាត ហើយ​ការរំលោភបំពាន​នៅតែ​បន្ត​ដោយ​មិនទាន់​ត្រូវបាន​ត្រួតពិនិត្យ និង​គ្រប់គ្រង​ឱ្យបាន​ល្អ។

ពពុះ​ពុល​ត្រូវបាន​គេ​ដឹង​ច្រើន​នៅពេល​ក្រុម​អ្នក​កាន់សាសនា​ហិណ្ឌូ ចុះ​លុបលាង​ខ្លួន​ក្នុង​ទឹកទន្លេ Yamuna នៅក្នុង​ពិធីបុណ្យ Chhath Puja ដែលជា​បុណ្យ​អំណរគុណ​ព្រះអាទិត្យ​ដែល​បាន​បង្កើត​ជីវិត​នៅលើ​ផែនដី។ ពួកគេ​ងូតទឹក និង​បួងសួង​នៅ​កណ្ដាល​លំហូរ​ពពុះទឹក​ពណ៌​សក្បុស ហាក់បីដូចជា​កំពុងស្ថិត​នៅលើ​ពពក នៅលើ​អាកាស។

របាយការណ៍​មួយ​របស់​រដ្ឋាភិបាល​ឥណ្ឌា កាលពី​ឆ្នាំ 2020 បានឱ្យដឹងថា គុណភាព​ទឹក​នៅក្នុង​ទន្លេ Yamuna កាន់តែ​អាក្រក់ទៅៗនៅក្នុង​រយៈពេល 5 ឆ្នាំ​កន្លង៕

Leave a Reply

Your email address will not be published. Required fields are marked *