Skip to content

យន្តហោះ​ចម្បាំង 6 គ្រឿង​របស់ ចិន ចូលទៅ​​ជិត​កោះ តៃវ៉ាន់ ក្នុង​គ្រា​​ដែល​តំណាងរាស្ត្រ សហរដ្ឋ​អាមេរិក 6 រូប ធ្វើ​ទស្សនកិច្ច​កោះ​នេះ

កងទ័ព​ចិនដីគោក បានប្រកាសថា បាន​បញ្ជូន​កងកម្លាំង​ល្បាត និង​ប្រយុទ្ធ​ទៅ​ក្បែរ​កោះ តៃវ៉ាន់ ក្រោយពី​តំណាងរាស្ត្រ អាមេរិក 6 រូប ធ្វើ​ទស្សនកិច្ច​កោះ​នេះ កាលពី​វេលា​ម៉ោង​ប្រហែល 18 ថ្ងៃទី 9 វិច្ឆិកា។

«ការ​ល្បាត​ដែល​ត្រៀម​ជាស្រេច​សម្រាប់​ប្រយុទ្ធ​នៅ​ច្រក​សមុទ្រ តៃវ៉ាន់ នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សម្ដី និង​សកម្មភាព​ខុសឆ្គង​ធ្ងន់ធ្ងរ​របស់​ប្រទេសមួយ​ចំនួន​ដែល​ទាក់ទិន​នឹង​បញ្ហា តៃវ៉ាន់ ក៏ដូចជា​សកម្មភាពរ​បស់​កងកម្លាំង​ប្រឆាំង​នៅ​កោះ​នេះ» ក្រសួងការពារជាតិ​ចិន បានចេញ​ប្រកាស​នា​ថ្ងៃនេះ។

ភាគី​តៃវ៉ាន់ បានឱ្យដឹងថា យន្តហោះ​យោធា​ចិន រួមមាន យន្តហោះ​ចម្បាំង J-16 ចំនួន 4 គ្រឿង និង​យន្តហោះ​ឈ្លប​ការណ៍ 2 គ្រឿង បាន​ហោះហើរ​ចូលមក​កាន់​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​ភាគ​និរតី​របស់ តៃវ៉ាន់។

សារព័ត៌មាន​របស់ តៃវ៉ាន់ បាន​រាយការណ៍​ថា តំណាងរាស្ត្រ 4 រូប នៃ​សភា​ជាន់ខ្ពស់ និង 4 រូប នៃ​សភា​ជាន់​ទាប​របស់ សហរដ្ឋ​អាម៉េរិក រួម​នឹង​ជំនួយការ 7 រូប បាន​ឡើង​យន្តហោះ C-40A របស់​កងទ័ព សហរដ្ឋ​អាម៉េរិក នៅ​ទីក្រុង ម៉ានីល នៃ​ប្រទេស ហ្វ៊ី​លី​ពី​ន ហើយ​បាន​ចុះចត​នៅ​ព្រលានយន្តហោះ Taipei Songshan នៃ​កោះ តៃវ៉ាន់ កាលពី​វេលា​ម៉ោង​ប្រហែល 18 ម្សិលមិញ។

ស្ថាប័ន​ការទូត​របស់ តៃវ៉ាន់ បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​លទ្ធផល​នៃ​ការពិភាក្សា​រវាង​ក្រុមមន្ត្រី​របស់ តៃវ៉ាន់ និង សហរដ្ឋ​អាម៉េរិក។ ក្នុង​គ្រា​នេះដែរ ក្រសួងការពារជាតិ​ចិន បាន​ចោទថា ទស្សនកិច្ច​នេះ​គឺជា «ទង្វើ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ ចិន»។

កាលពី​ខែមិថុនា ដំណើរ​ទស្សនកិច្ច​រយៈ​ពេល 3 ម៉ោង នៃ​តំណាងរាស្ត្រ 3 រូប របស់ សហរដ្ឋ​អាម៉េរិក បានធ្វើឱ្យ ចិនដីគោក ខឹង​យ៉ាងខ្លាំង​ម្ដង​រួចមកហើយ។

យន្តហោះ​របស់​កងទ័ព ចិនដីគោក (PLA) បាន​ចូលទៅ​ក្បែរ​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​ភាគ​អាគ្នេយ​របស់ តៃវ៉ាន់ ចំនួន 554 លើក រាប់​ចាប់ពី​ពាក់កណ្ដាល​ខែកញ្ញា ឆ្នាំ 2020 ដល់​ចុងខែ​សីហា ឆ្នាំ 2021។ នេះ​បើតាម​ប្រកាស​កាលពី​ថ្ងៃទី 9 វិច្ឆិកា របស់​កងទ័ព តៃវ៉ាន់៕

Leave a Reply

Your email address will not be published. Required fields are marked *