តំណាងរាស្ត្រចំនួន 6 រូប របស់ សហរដ្ឋអាម៉េរិក បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង នៅពេលមកធ្វើទស្សនកិច្ចកោះ តៃវ៉ាន់ ដែលជាឥរិយាបថមួយធ្វើឱ្យទីក្រុង ប៉េកាំង ប្រតិកម្មខ្លាំងក្លា និងចោទថា ទីក្រុង វ៉ាស៊ីងតោន «ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»។
សារព័ត៌មានរបស់ តៃវ៉ាន់ បានរាយការណ៍ថា តំណាងរាស្ត្រ 4 រូប នៃសភាជាន់ខ្ពស់ និង 4 រូប នៃសភាជាន់ទាបរបស់ សហរដ្ឋអាម៉េរិក រួមនឹងជំនួយការ 7 រូប បានឡើងយន្តហោះ C-40A របស់កងទ័ព សហរដ្ឋអាម៉េរិក នៅទីក្រុង ម៉ានីល នៃប្រទេស ហ្វ៊ីលីពីន ហើយបានចុះចតនៅព្រលានយន្តហោះ Taipei Songshan នៃកោះ តៃវ៉ាន់ កាលពីវេលាម៉ោងប្រហែល 18 ម្សិលមិញ។
ស្ថាប័នការទូតរបស់ តៃវ៉ាន់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាលទ្ធផលនៃការពិភាក្សារវាងក្រុមមន្ត្រីរបស់ តៃវ៉ាន់ និង សហរដ្ឋអាម៉េរិក។ ពួកគេនឹងប្រកាសព័ត៌មានដែលទាក់ទងនៅក្នុងពេលវេលាសមស្រប ដើម្បីគោរពដល់ការសម្រេចចិត្តរបស់ក្រុមមន្ត្រីដែលមកធ្វើទស្សនកិច្ច។ ការិយាល័យមេដឹកនាំកោះ តៃវ៉ាន់ ក៏មិនបានផ្ដល់ព័ត៌មានអ្វីបន្ថែមនោះដែរ ទាក់ទិននឹងដំណើរទស្សនកិច្ចនេះ។
ក្នុងគ្រានេះដែរ ក្រសួងការពារជាតិចិន បានចោទថា ទស្សនកិច្ចនេះគឺជា «ទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ ចិន»។ «យើងចង់ព្រមានដោយភាពម៉ឺងម៉ាត់ ឱ្យ សហរដ្ឋអាម៉េរិក បញ្ឈប់ជាបន្ទាន់រាល់ឥរិយាបថបង្កហេតុ បញ្ឈប់រាល់សកម្មភាពដែលនាំឱ្យភាពតានតឹងកើនឡើងនៅច្រកសមុទ្រ តៃវ៉ាន់» អ្នកនាំពាក្យក្រសួងការពារជាតិចិន Tan Ke Fei បានថ្លែងដូច្នេះ។
ប្រទេស ចិន ធ្លាប់បានព្រមានជាច្រើនដងមកហើយថា មិនឱ្យ សហរដ្ឋអាម៉េរិក បញ្ជូនមន្ត្រីមកកាន់កោះ តៃវ៉ាន់ ឬទាក់ទងជាផ្លូវការជាមួយកោះនេះ។ ទីក្រុង ប៉េកាំង ចាត់ទុកថា កោះ តៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ។ កាលពីខែមិថុនា ដំណើរទស្សនកិច្ចរយៈពេល 3 ម៉ោង នៃតំណាងរាស្ត្រ 3 រូប របស់ សហរដ្ឋអាម៉េរិក បានធ្វើឱ្យ ចិនដីគោក ខឹងយ៉ាងខ្លាំងម្ដងរួចមកហើយ។
នៅក្នុងប្រកាសកាលពីថ្ងៃទី 9 វិច្ឆិកា កងទ័ពរបស់ តៃវ៉ាន់ បានឱ្យដឹងថា យន្តហោះរបស់កងទ័ព ចិនដីគោក (PLA) បានចូលទៅក្បែរតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសភាគនិរតីរបស់ តៃវ៉ាន់ ចំនួន 554 លើក រាប់ចាប់ពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ 2020 ដល់ចុងខែសីហា ឆ្នាំនេះ៕