(អ៊ីរ៉ាក់)-នាយករដ្ឋមន្ត្រី Mustafa al-Kadhimi បានឱ្យដឹងថា លោកបានដឹងច្បាស់ក្រុមមនុស្សដែលនៅពីក្រោយអំពើលួចធ្វើឃាតរូបលោក ហើយថា នឹងនាំខ្លួនជនទាំងនេះឡើងតុលាការ។
«យើងនឹងតាមចាប់ខ្លួនពួនឧក្រិដ្ឋជន យើងបានដឹងច្បាស់ យើងនឹងវែកមុខពួកគេ» នាយករដ្ឋមន្ត្រីនៃ ប្រទេសអ៊ីរ៉ាក់ លោក Mustafa al-Kadhimi បានថ្លែងដូច្នេះ កាលពីថ្ងៃទី 7 វិច្ឆិកា ក្រោយពីភូមិគ្រឹះរបស់លោក ត្រូវបានយន្តហោះគ្មានមនុស្សបើក (drone) ទម្លាក់គ្រាប់បែក។
ភូមិគ្រឹះរបស់លោក Kadhimi មានទីតាំងនៅក្នុងតំបន់បៃតង នា រដ្ឋធានីបាកដាដ ត្រូវបានវាយប្រហារកាលពីថ្ងៃទី 7 វិច្ឆិកា ដោយ ដ្រូន ចំនួន 3 គ្រឿង ក្នុងនោះមាន 2 គ្រឿងត្រូវបានបាញ់ទម្លាក់។ លោក Kadhimi មានសុវត្ថិភាព ខណៈអង្គរក្ស 6 នាក់បានរងរបួស។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានហៅអំពើនេះថា ជាការវាយប្រហារភេរវកម្មដ៏កំសាក ក្នុងបំណងធ្វើឃាតរូបលោក។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងគ្រាដែលមានភាពតានតឹងរវាងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងក្រុមជីវពលជនជាតិ Shiite ដែលគាំទ្រដោយ ប្រទេសអ៊ីរ៉ង់។ ក្រុមជីវពលជនជាតិ Shiite កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ បានធ្វើបាតុកម្មនៅក្បែរតំបន់បៃតង ដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី 10 តុលា ដោយយល់ថា មានភាពមិនប្រក្រតីនៅក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលនាំឱ្យក្រុមនេះបាត់បង់កៅអីជាច្រើននៅសភាអ៊ីរ៉ាក់។
ក្នុងបាតុកម្មកាលពីថ្ងៃទី 5 វិច្ឆិកា កម្លាំងសន្តិសុខ និងក្រុមជីវពលខាងលើ បានបាញ់ប្រហារគ្នា បណ្ដាលឱ្យបាតុករម្នាក់ស្លាប់ និងប៉ូលិសច្រើននាក់រងរបួស៕