ក្រោយការចាកចេញពីការក្ដោបក្ដាប់អំណាចនៅ ប្រទេសថៃ ត្រកូល Shinawatra ទំនងជាកំពុងចិញ្ចឹមចិត្តវិលត្រលប់មកវិញ ហើយសញ្ញាដំបូងនៃការវិលត្រលប់នេះ នោះគឺការបង្ហាញខ្លួនរបស់ Paetongtarn ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra។
Paetongtarn Shinawatra កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ Thaksin កាលពីថ្ងៃទី 28 តុលា បានបង្ហាញខ្លួននៅក្នុងសន្និសីទមួយរបស់បក្ស ភឿថៃ នៅក្នុងខេត្ត Khon Kaen ភាគឦសានប្រទេសនេះ។
ក្រោយការឧទ្ទេសនាមរបស់ Sompong Amornwiwat ជាមេដឹកនាំបក្សដែលជិតអស់អាណត្តិ Paetongtarn ក៏បានឡើងបញ្ចេញមតិ ហើយបានប្រកាសថា ខ្លួនត្រូវបានជ្រើសតាំងជាមេដឹកនាំរបស់គណៈកម្មការប្រឹក្សាយោបល់ផ្នែកនវានុវត្តន៍ និងសមាហរណកម្ម នៃបក្សភឿថៃ ដែលជាបក្សប្រឆាំងធំបំផុតនៅប្រទេសថៃ។
នេះគឺជាលើកដំបូងហើយដែល Paetongtarn បានប្រកាសជាសាធារណៈអំពីការចូលប្រលូកក្នុងវិស័យនយោបាយរបស់ខ្លួននៅប្រទេសថៃ។
លោក Thaksin ដែលជាស្ថាបនិកនៃបក្សភឿថៃ ត្រូវបានកាត់ទោសកំបាំងមុខក្រោមបទចោទទាក់ទិននឹងអំពើពុករលួយ និងត្រូវរស់នៅនិរទេសខ្លួនចាប់តាំងពីពេលត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ 2006។ ប៉ុន្តែ ឥទ្ធិពលនយោបាយរបស់លោក បានជួយឱ្យសមាជិកត្រកូល Thaksin មួយចំនួនបានចូលកាន់កាប់មុខនាទីជាន់ខ្ពស់។ ប្អូនថ្លៃ Somchai Wongsawat និងប្អូនស្រីបង្កើត Yingluck Shinawatra របស់លោក Thaksin ធ្លាប់ជានាយករដ្ឋមន្ត្រី ប៉ុន្តែ ពួកគេត្រូវចាកចេញពីតំណែងមុនអាណត្តិ ហើយត្រូវជួបបញ្ហាផ្លូវច្បាប់មួយចំនួន។