Skip to content

ស្ត្រី​ដើមកំណើត​អាស៊ី វ័យ 35 ឆ្នាំ ក្លាយជា​អភិបាលក្រុង នៅ សហរដ្ឋ​អាម៉េរិក

លោកស្រី Michelle Wu អាយុ 35 ឆ្នាំ ដែលជា​ពលរដ្ឋ​អាម៉េរិក ដើមកំណើត​អាស៊ី ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​អភិបាលក្រុង​ភេទ​ស្រី​ដំបូងបង្អស់​របស់ Boston ក្រោយពី​ជិត 200 ឆ្នាំ ដែល​ទីក្រុង​នេះ​ជ្រើសរើស​មេដឹកនាំ​ជា​បុរស​ស្បែ​កស។

លោកស្រី Michelle Wu សមាជិក​បក្ស​ប្រជាធិបតេយ្យ ដែល​បាន​យកឈ្នះ​លើ​គូប្រជែង Annissa Essaibi George មកពី​បក្ស​ជាមួយគ្នា កាលពី​ថ្ងៃទី 2 វិច្ឆិកា ក្លាយជា​អភិបាលក្រុង​ភេទ​ស្រី​ដំបូងបង្អស់​របស់ Boston ដែលជា​ក្រុង​រដ្ឋបាល​របស់​រដ្ឋ Massachusetts។ លោកស្រី Wu នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី 16 វិច្ឆិកា​ខាងមុខ។

Essaibi George ក៏បាន​ទទួលស្គាល់​បរា​ជ័យ​របស់ខ្លួន និង​បាន​អបអរ​លោកស្រី Wu ដែល​ក្លាយជា​ស្ត្រី ក៏ដូចជា​ជនជាតិ​អាម៉េរិក ដើមកំណើត​អាស៊ី ដំបូង​គេ ដែល​បាន​ជាប់ឆ្នោត​ជា​អភិបាលក្រុង Boston។

ការសន្យា​ពីរ​ចំនុច​ដែល​ប្រកបដោយ​មហិច្ឆតា​ជាងគេ​របស់​លោកស្រី Wu គឺ​ការផ្ដោត​ទៅលើផ្ទះ​សម្បែង និង​ចរាចរណ៍​សាធារណៈ ដែលជា​បញ្ហា​ប្រចាំថ្ងៃ​របស់​ប្រជាជន​ជាង 675,000 នាក់​នៅក្នុង​ទីក្រុង​នេះ។ ឧបសគ្គ​ផ្សេងទៀត​ដែល​លោកស្រី​ត្រូវ​ប្រឈម រួមមាន បញ្ហា​អប់រំ សង្គ្រាម​ប្រឆាំង COVID-19 និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

លោកស្រី Wu មាន​ឱ​ពុក ម្ដាយ​ជា​ជនអន្តោប្រវេសន៍​មកពី កោះ​តៃវ៉ាន់។ លោកស្រី​ធំ​ឡើង​នៅ Chicago និង​បាន​ទៅ​រស់នៅក្នុង​ទីក្រុង Boston ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard។ លោកស្រី​ធ្លាប់ជា​ស្ត្រី​ដើមកំណើត​អាស៊ី​ដំបូង​គេ​ដែល​បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង Boston កាលពី​ឆ្នាំ 2013 នៅក្នុង​វ័យ 28 ឆ្នាំ ហើយ 3 ឆ្នាំ​បន្ទាប់ លោកស្រី​ក៏បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *