ក្រោយការឆ្លើយឆ្លងគ្នានៅលើបណ្ដាញសង្គមនាពេលកន្លង ថ្មីៗនេះ ប្រធានមួយរូបរបស់អង្គការសហប្រជាជាតិ បានស្នើសុំជួបមុខមហាសេដ្ឋី Elon Musk ដោយផ្ទាល់ ដើម្បីអធិប្បាយអំពីរបៀបនៃការប្រើប្រាស់ថវិកា 6 ពាន់លានដុល្លារ ក្នុងការសង្គ្រោះប្រជាជនរាប់លាននាក់ដែលកំពុងរងគ្រោះទុរភិក្ស។
ការឆ្លងឆ្លើយគ្នារវាងលោក David Beasley ប្រធានកម្មវិធីស្បៀងអាហារពិភពលោក របស់ អង្គការសហប្រជាជាតិ ជាមួយនឹងមហាសេដ្ឋី Elon Musk បានចាប់ផ្ដើមដោយកិច្ចសម្ភាសរបស់លោក Beasley ជាមួយនឹង CNN ដែលកាលណោះលោកបាននិយាយថា៖ ក្រុមមហាសេដ្ឋីគួរតែបរិច្ចាគនៅពេលនេះ និងតែម្ដងគត់។ 42 ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាជនចំនួន 42 លាននាក់ ដែលជាអ្នកនឹងត្រូវស្លាប់ បើសិនយើងមិនបានជួយពួកគេ។ រឿងនេះមិនស្មុគស្មាញឡើយ។
ក្រោយមក មហាសេដ្ឋី Elon Musk ដែលមានទ្រព្យប្រមាណជិត 289 ពាន់លានដុល្លារ បានបង្ហោះសារនៅលើ Twitter ថា៖ បើសិនជាកម្មវិធីស្បៀងអាហារពិភពលោក អាចបង្ហាញតម្លៃភាពថវិកា និងអនុញ្ញាតឱ្យគ្រប់គ្នាបានដឹងអំពីខ្ទង់ថវិកានោះត្រូវបានចំណាយដោយរបៀបណា ហើយ «អាចអធិប្បាយនៅខាងក្រោមសារ Twitter នេះ នូវវិធីជាក់លាក់ដែលថា 6 ពាន់លានដុល្លារ អាចដោះស្រាយគ្រោះទុរភិក្ស ខ្ញុំនឹងលក់ភាគហ៊ុននៅក្រុមហ៊ុន Tesla ភ្លាម ដើម្បីបរិច្ចាគ»។
ភ្លាមនោះ លោក David Beasley ក៏ចូលមកឆ្លើយឆ្លង ដោយអះអាងថា លោកអាចធានាបានថា ប្រព័ន្ធគណនីរបស់ស្ថាប័ននេះ មានតម្លាភាព ហើយថា ក្រុមរបស់លោក Musk អាចពិនិត្យ និងធ្វើការជាមួយក្រុមរបស់លោកបាន។
មកដល់ថ្ងៃនេះ លោក Beasley បន្តឆ្លើយឆ្លងជាមួយលោក Elon Musk។ លើកនេះ លោកបាន tag គណនី Twitter របស់លោក Elon Musk ចូលក្នុងសាររបស់លោក ហើយប្រាប់ថា៖ «ជំនួសឱ្យការបង្ហោះសារឆ្លើយឆ្លង សូមអនុញ្ញាតឱ្យខ្ញុំអធិប្បាយឱ្យលោកបានជ្រាប។ ខ្ញុំត្រៀមខ្លួនសម្រាប់ជួបលោកនៅគ្រប់កន្លែងក្នុងពិភពលោក សូម្បីតែនៅទីអវកាស។ ប៉ុន្តែ ខ្ញុំយល់ថា ល្អបំផុតគឺនៅកន្លែងដែលលោកអាចមើលឃើញបុគ្គលិក សកម្មភាព ដំណើរការ និងបច្ចេកវិទ្យារបស់ WFP ប្រព្រឹត្តទៅដោយរបៀបណា។ ខ្ញុំនឹងនាំយកគម្រោងនោះទៅជំរាបជូនលោក»។
នៅខាងក្រោមអត្ថបទរបស់លោក David Beasley ដែលបង្ហោះនៅលើបណ្ដាញសង្គម Twitter បច្ចុប្បន្ន មានមតិស្រប និងផ្ទុយជាច្រើន៕