Skip to content

(វីដេអូ)-ព្យុះ​ព្រះអាទិត្យ ល្បឿន 4 លាន​គីឡូម៉ែត្រ/ម៉ោង នឹង​វាយលុក​ពិភព​ផែនដីនៅ​ចុង​សប្ដាហ៍​នេះ

ផ្កាយរណប​របស់ NASA ថត​បាន​ទិដ្ឋភាព​ព្យុះ​ព្រះអាទិត្យ​កំពុង​ផ្ទុះ​កញ្ជ្រោល​ខ្លាំង ធ្វើឱ្យ​រស្មី​អូ​រ៉ូ​រ៉ា (aurora) នៅលើ​ផែនដី ប្រែជា​បង្ហាញខ្លួន​យ៉ាងច្បាស់​នៅក្នុង​ថ្ងៃបុណ្យ​ហា​ឡូ​វីន (Halloween)។

វីដេអូ​ពី​ផ្កាយរណប Solar Dynamics Orbiter របស់ NASA បង្ហាញថា ការ​កញ្ជ្រោល​នៃ​ផ្ទៃ​ខាងលើ​របស់​ព្រះអាទិត្យ​កើតឡើង​ពីថ្ងៃ​ទី 25 ដល់​ថ្ងៃទី 28 តុលា និង​បញ្ចប់​ដោយ​ការផ្ទុះ​មួយ​ដ៏​ធំ​ដែល​អាច​បង្កើន​រស្មី​អូ​រ៉ូ​រ៉ា នៅលើ​ផែនដី​ចំ​ថ្ងៃបុណ្យ​ហា​ឡូ​វីន។

ព្យុះ​ព្រះអាទិត្យ​កើតឡើង​ជាច្រើន​បែប ក្នុងនោះ​មានការ​ផ្ទុះ​ភ្លើង​ព្រះអាទិត្យ (Solar flare) និង​ការផ្ទុះ​កាំរស្មី​អូ​រ៉ូ​រ៉ា (CME/​Coronal​ Mass Ejections)។ Solar flare គឺជា​ការផ្ទុះ​វិទ្យុសកម្ម​ខ្លាំងក្លា បញ្ចេញ​រលក​ពន្លឺ​ផូ​តុង (photon) សំដៅ​មកកាន់​ផែនដី។ កម្លាំង​របស់​ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ​មាន 3 កម្រិត​គឺ C, M និង កម្រិត X ក្នុងនេះ X គឺជា​កម្រិត​ខ្លាំង​បំផុត។ CME រួមមាន ពពក​ប្លា​ស្មា និង ម៉ាញ៉េទិក ដែល​បាញ់​ចេញពី​ផ្ទៃ​ខាងលើ​របស់​ព្រះអាទិត្យ នាំមក​ជាមួយ​នូវ​ភាគល្អិត​ជាច្រើន។ ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ និង ការផ្ទុះ​កាំរស្មី​អូ​រ៉ូ​រ៉ា មាន​ប្រភព​តែមួយ ដោយ​កើតឡើង​ពី​ការរអាក់រអួល​នៃ​ម៉ាញ៉េទិក (disruption of the magnetic) នៅក្នុង​តំបន់​បរិយាកាស​ខាងក្រៅ​របស់​ព្រះអាទិត្យ។

NASA ឱ្យដឹងថា ថ្វីបើ​ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ​ដែលមាន​ផ្ទុក​វិទ្យុសកម្ម​គ្រោះថ្នាក់​នេះ​មិនអាច​ឆ្លងកាត់​បរិយាកាស​ផែនដី​បាន តែ​វា​ខ្លាំង​គ្រប់គ្រាន់​ដែល​អាច​បង្ក​ការរំខាន​ដល់​បណ្ដាញ​ទាក់ទង និង GPS។

ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ​កាលពី​ថ្ងៃទី 28 តុលា និង​អមដោយ CME បាន​បញ្ចេញ​ភាគល្អិត​ដែល​ផ្ទុក​អគ្គិសនី ធ្វើដំណើរ​ក្នុង​ល្បឿន 4 លាន​គីឡូម៉ែត្រ/ម៉ោង។ ភាគល្អិត​ទាំងនេះ​នឹង​មកដល់​ពិភព​ផែនដី​នៅ​ចុង​សប្ដាហ៍ ហើយ​អាចធ្វើឱ្យ​បាតុភូត​រស្មី​អូ​រ៉ូ​រ៉ា កាន់តែខ្លាំង​ក្លា​ជាង​មុន។

បាតុភូត​អូ​រ៉ូ​រ៉ា នៅលើ​ផែនដី កើតឡើង​នៅពេល​ភាគល្អិត​ផ្ទុក​អគ្គិសនី​ពី​ព្រះអាទិត្យ ប៉ះ​ជាមួយនឹង​បរិយាកាស​ខាងលើ​របស់​ផែនដី បង្កើតបានជា​រលក​ព​ន្លឺ​យ៉ាង​រស់​រវើក។ ដែន​ម៉ាញ៉េទិក​របស់​ផែនដី នាំ​ភាគល្អិត​ផ្ទុក​អគ្គិសនី ទៅកាន់​តំបន់​ប៉ូល ទើប​រស្មី​អូ​រ៉ូ​រ៉ា តែងតែ​បង្ហាញខ្លួន​នៅ​ភាគ​ខាងជើង៕

Leave a Reply

Your email address will not be published. Required fields are marked *