Skip to content

Elon Musk ថា​ បរិច្ចាគ​ប្រាក់​ 6 ពាន់​លាន​ដុល្លារ​​ដើម្បី​ដោះ​ស្រាយ​គ្រោះ​ទុរភិក្ស​ក៏​បាន​ តែ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ ត្រូវ​ធ្វើ​រឿង​ម្យ៉ាង​

ទាក់​ទង​នឹង​បញ្ហា​ខ្វះ​ថវិកា​​ទិញ​ស្បៀង​អាហារ​ជួយ​ដល់​ប្រជាជន​កំពុង​ជួប​គ្រោះ​អត់ឃ្លា​ មហា​សេដ្ឋី​ជន​ជាតិ​អាម៉េរិក​ ដើម្បី​កំណើត​អាហ្វ្រិក​ខាង​​ត្បូង​ និយាយ​ថា «បរិច្ចាគ 6 ពាន់​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​ពិភពលោក​ក៏បាន» ប៉ុន្តែ លោក Elon Musk ចង់ឱ្យ​ប្រធាន​ស្ថាប័ន​មួយ​របស់​អង្គការសហប្រជាជាតិ «បង្ហាញ​តម្លៃភាព​ថវិកា» ឱ្យបាន​ច្បាស់លាស់។

លោក Elon Musk ទើបតែ​បានលើកឡើង​នូវ​ប្រតិកម្ម​ចំពោះ​មតិ​របស់​ប្រធាន​អង្គការ​មួយរូប​របស់​អង្គការសហប្រជាជាតិ ដែល​និយាយថា គ្រាន់តែ​មួយចំណែក​ដ៏​តូច​នៃ​ទ្រព្យសម្បត្តិ​របស់​ក្រុម​អ្នកមាន​បំផុត​ក្នុង​ពិភពលោក​ក៏​អាច​ដោះស្រាយបាន​នូវ​គ្រោះ​ទុរភិក្ស​នៅលើ​សកលលោក

មហាសេដ្ឋី Elon Musk បាន​ប្រតិកម្ម​ទៅនឹង​មតិ​មួយ​របស់លោក David Beasley ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ តាមរយៈ​ការ​បង្ហោះ​សារ​មួយ​ឃ្លា​នៅលើ​បណ្ដាញ​សង្គម Twitter។

មុន​នោះ លោក David Beasley ថ្លែងថា៖ «ត្រូវការ 6 ពាន់​លាន​ដុល្លារ ដើម្បី​សង្គ្រោះ​មនុស្ស 42 លាន​នាក់​ដែល​ជិត​នឹង​អត់បាយ​ស្លាប់។ ប្រការនេះ​ពិតជា​ពិបាក។ ក្រុម​មហាសេដ្ឋី គួរតែ​ធ្វើ​ភ្លាម​នៅពេលនេះ»។ ក្រុម​មហាសេដ្ឋី​ដែល​លោក Beasley កំពុងនិយាយ​ដល់​នៅទីនេះ​គឺ Elon Musk និង Jeff Bezos ជាដើម ដែលជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក។

CEO របស់​ក្រុមហ៊ុន Tesla លោក Elon Musk មានទ្រព្យ​ជិត 289 ពាន់​លាន​ដុល្លារ នេះ​បើតាម​ស្ថិតិ​របស់​សារព័ត៌មាន Bloomberg។ ប្រការនេះ​មានន័យថា លោក Beasley កំពុងតែ​លើកឡើង​នូវ​គំនិត​មួយ​ដែលថា លោក Elon Musk គ្រាន់តែ​បរិច្ចាគ​ប្រហែល 2% នៃ​ទ្រព្យ​សរុប​របស់ខ្លួន​គឺអាច​ជួយ​ឱ្យ​មនុស្ស 42 លាន​នាក់​នៅ​ទូទាំង​សកលលោក រួច​ផុតពី​គ្រោះ​ទុរភិក្ស។

ឆ្លើយតប​នឹង​បញ្ហា​ខាងលើ កំពូល​អ្នកមាន Elon Musk និយាយថា បើសិនជា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក អាច​បង្ហាញ​តម្លៃភាព​ថវិកា និង​អនុញ្ញាតឱ្យ​គ្រប់គ្នា​បានដឹង​អំពី​ខ្ទង់​ថវិកា​នោះ​ត្រូវបាន​ចំណាយ​ដោយ​របៀប​ណា ហើយ «អាច​អធិប្បាយ​នៅ​ខាងក្រោម​សារ Twitter នេះ នូវ​វិធី​ជាក់លាក់​ដែលថា 6 ពាន់​លាន​ដុល្លារ អាច​ដោះស្រាយ​គ្រោះ​ទុរភិក្ស ខ្ញុំ​នឹង​លក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Tesla ភ្លាម ដើម្បី​បរិច្ចាគ»។

បច្ចុប្បន្ន សារ​ខាងលើ​របស់លោក Elon Musk ទទួលបាន​ការចែករំលែកតៗគ្នា​ជាង 3 ម៉ឺន​លើក និង​ការ​ចុច​ចូលចិត្ត​ជាង 2 សែន​លើក រួម​នឹង​ការបញ្ចេញមតិ​ជាច្រើន​ទៀត។

ក្រៅពី​ការបញ្ចេញ​មតិផ្ទុយ និង​ស្រប ការ​ចុច​ចូលចិត្ត និង​ការចែករំលែក​ត​គ្នា​របស់​អ្នកលេង​បណ្ដាញ​សង្គម គេ​ក៏​ឃើញ​គណនី Twitter របស់លោក David Beasley ចូលមក​បកស្រាយ៖ «ខ្ញុំ​អាច​ធានាបាន​ថា ប្រព័ន្ធ​គណនី​របស់​យើង​ពិត​ជាមាន​តម្លាភាព និង​ជា​សាធារណៈ​ទាំងស្រុង។ ភាគី​ខាង​លោក អាចធ្វើ​ការ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដើម្បី​ធានា​ចំពោះ​បញ្ហា​នេះ»។

ប៉ុន្តែ នៅ​ខាងក្រោម​ការបកស្រាយរ​ប​ស់លោក David Beasley មាន​គណនី​មួយ​ដែលមាន​ឈ្មោះថា @CG បាន​បញ្ចេញមតិ​ថា៖ «ខ្ញុំ​ជឿជាក់ថា គាត់​នេះ​មិនមែន​រស់នៅក្នុង​ផ្ទះ​ដ៏​តូច​ដែលមាន​តម្លៃ​តែ 35,000 ដុល្លារ ដូច Elon Musk នោះទេ»៕

Leave a Reply

Your email address will not be published. Required fields are marked *