Skip to content

ផ្កាយដុះកន្ទុយ​ធំ​បំផុត​ដែល​មនុស្ស​ធ្លាប់​រកឃើញ កំពុង​សំដៅ​មកកាន់​ផែនដី (វីដេអូ)

ផ្កាយដុះកន្ទុយ​មួយ​ដែល​អាចមាន​ទំហំ​ធំជាងគេ ដែល​មនុស្ស​ធ្លាប់បាន​រកឃើញ និង​មាន​ប្រភពពី​ពពក Oort កំពុងតែ​ហោះ​សំដៅ​មកកាន់​ភពផែនដី។

ជាមួយនឹង​អង្កត់ផ្ចិត​ប្រវែង​ពី 100-200 ម៉ែត្រ ផ្កាយដុះកន្ទុយ Bernardinelli-Bernstein (C/2014UN271) នឹង​ហោះ​មក​ក្បែរ​ព្រះអាទិត្យ​បំផុត​ក្នុង​ឆ្នាំ 2031។ គម្លាត​ជិត​បំផុត​រវាង​ផ្កាយដុះកន្ទុយ​នេះ និង​ផែនដី ប្រហាក់ប្រហែល​នឹង​រយៈ​ចម្ងាយ​ពី​ផែនដី​ទៅកាន់​ភព​សៅរ៍។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ផ្កាយដុះកន្ទុយ​នេះ អាចជា​វត្ថុ​អវកាស​ធំ​បំផុត​ដែល​មនុស្ស​ធ្លាប់​បានឃើញ​នៅក្នុង​ពពក Oort។

ផ្កាយដុះកន្ទុយ Bernardinelli-Bernstein (C/2014UN271) ត្រូវបាន​រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ Perdro Bernardinelli និង Gary Bernstein មកពី​សាកលវិទ្យាល័យ Pennsylvania សហរដ្ឋ​អាម៉េរិក កាលពីដើម​ឆ្នាំនេះ។ ពួកគេ​បាន​រកឃើញ​ទិន្នន័យ​របស់​វត្ថុ​អវកាស​នេះ​ដែល​ប្រមូលបាន​ចាប់ពី​ឆ្នាំ 2014 ដល់ 2018 ប៉ុន្តែ ពុំ​ឃើញ​កន្ទុយ​របស់​វា ដូច្នេះ ដំបូង​ឡើយ វា​ត្រូវបាន​គេ​ច្រ​លំ​ថា​ជា​កូន​ភព។

ប៉ុន្តែ ក្នុង​រយៈពេល​មួយថ្ងៃ បន្ទាប់ពី​បានប្រកាសថា​បាន​រកឃើញ ក្រុម​អ្នក​តារាសាស្ត្រ​បាន​ប្រើប្រាស់​ស្ថានីយ​សង្កេត Las Cumbres ដើម្បី​ថតរូប​ថ្មី និង​បាន​រកឃើញថា កន្ទុយ​របស់​វា​កើតឡើង​កាលពី 3 ឆ្នាំមុន ហើយ​កំពុង​ហោះ​សំដៅ​យ៉ាង​លឿន​ចេញពី​ពពក Oort។ ក្រោយមក ក្រុម​តារាវិទូ​ក៏បាន​ចាត់​វា​ចូលក្នុង​ក្រុម​ផ្កាយដុះកន្ទុយ​ជា​ផ្លូវការ។

ក្រោយ​ការស្រាវជ្រាវ​លម្អិត ក្រុម​របស់ Bernardinelli និង Bernstein រកឃើញថា ផ្កាយដុះកន្ទុយ​នេះ​ធ្លាប់បាន​គោចរ​មក​ក្បែរ​ព្រះអាទិត្យ​កាលពី 3.5 លាន​ឆ្នាំមុន ជាមួយនឹង​គ​ន្លាត​ប្រហែល 18 au (ខ្នាត​តារាសាស្ត្រ/Astronomical Unit គឺជា​ចម្ងាយ​មធ្យម​ចន្លោះ​ពី​ផែនដី ទៅ​ព្រះអាទិត្យ ពោលគឺ​ប្រហែល 150 លាន​គីឡូម៉ែត្រ)។

បច្ចុប្បន្ន ផ្កាយដុះកន្ទុយ​នេះ​កំពុង​ស្ថិតនៅ​ចម្ងាយ 3 ពាន់​លាន​គីឡូម៉ែត្រ ពី ព្រះអាទិត្យ។ បើទោះជា C/2014UN271 មាន​ទំហំ​ធំ ហើយ​សូម្បីតែ​វា​ស្ថិតនៅ​ជិត​ព្រះអាទិត្យ​បំផុត​ក្រោយ 10 ឆ្នាំ​ទៀត ក្រុម​តារាវិទូ​ឱ្យដឹងថា មនុស្ស​នៅតែ​មិនអាច​មើលឃើញ​វា​ដោយ​ភ្នែក​ទទេ​បានដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *