សហរដ្ឋអាម៉េរិក ផ្ដល់អត្តសញ្ញាណប័ណ្ណដំបូងដែលមានជម្រើសភេទ X ជារបត់ថ្មីមួយនៅក្នុងការទទួលស្គាល់សិទ្ធិរបស់ពលរដ្ឋដែលមិនបានកំណត់ភេទជាស្រី ឬប្រុស។
«ក្នុងឱកាសនៃការផ្ដល់អត្តសញ្ញាណប័ណ្ណនេះ ខ្ញុំចង់រំលឹកឡើងវិញនូវការសន្យារបស់ក្រសួងការបរទេសអាម៉េរិក អំពីការលើកកម្ពស់សិទ្ធិ សេរភាព សេចក្ដីថ្លៃថ្នូរ និង សមភាពសម្រាប់មនុស្សគ្រប់រូប រួមទាំងសហគមន៍ LGBT (LGBT គឺជាគំនិតដំបូងដែលតំណាងឱ្យស្ត្រីស្រឡាញ់ភេទដូចគ្នា (lesbian), បុរសស្រលាញ់ភេទដូចគ្នា (gay), មនុស្សស្រលាញ់ភេទទាំងពីរ (bisexual) និងអ្នកកែភេទ(transgender)។ នេះបើតាម Ned Price ដែលជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក។
ជម្រើស X ត្រូវបានរៀបចំឡើងសម្រាប់ពលរដ្ឋទាំងឡាយណាដែលមិនអាចកំណត់ភេទទៅតាមជម្រើស ប្រុស ឬស្រី។ Price ឱ្យដឹងថា នឹងផ្ដល់ជម្រើសនេះនៅលើអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់កំណើតរបស់ពលរដ្ឋអាម៉េរិក នៅក្រៅប្រទេស ចាប់ពីដើមឆ្នាំ 2022។
ប្រកាសរបស់ក្រសួងខាងលើ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពី «ទិវាយល់ដឹងពីភេទមិនប្រក្រតី» (Intersex Awareness Day) ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី 26 ខែតុលា។
កន្លងមក ប្រធានាធិបតី Joe Biden ធ្លាប់បានសន្យាថា រាប់បញ្ចូលការគាំទ្រដល់សិទ្ធិសេរីភាពរបស់សហគមន៍ LGBTQ ទៅក្នុងអាទិភាពកំពូលរបស់រដ្ឋាភិបាល។
មកដល់បច្ចុប្បន្ន ប្រទេសយ៉ាងតិច 11 នៅលើពិភពលោក បានអនុញ្ញាតឱ្យជ្រើសរើសភេទទីបីនៅលើអត្តសញ្ញាណប័ណ្ណ ក្នុងនោះមានទាំង ប្រទេសកាណាដា, អាល្លឺម៉ង់, អាហ្សង់ទីន, ឥណ្ឌា, នេប៉ាល និង ប៉ាគិស្ថាន ផងដែរ នេះបើតាមបណ្ដាញនិយោជកសម្រាប់សមភាព និងសមាហរណកម្ម ដែលមានទីស្នាក់ការនៅ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕