មេដឹកនាំ កោះតៃវ៉ាន់ លោកស្រី Tsai Ing-wen មានជំនឿថា សហរដ្ឋអាម៉េរិក នឹងការពារកោះនេះ បើសិនជាមានការវាយប្រហារពី ចិនដីគោក នៅពេលដែលភាពតានតឹងកំពុងកើនឡើងខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់។
«ខ្ញុំមានជំនឿងថា កងកម្លាំងរបស់ សហរដ្ឋអាម៉េរិក នឹងជួយការពារ តៃវ៉ាន់ នៅចំពោះមុខ ប្រទេសចិន បើសិនជាចាំបាច់» នេះបើតាមសម្ដីរបស់ លោកស្រី Tsai Ing-wen នៅក្នុងកិច្ចសម្ភាសជាមួយ CNN កាលពីថ្ងៃទី 27 តុលា។ ក្នុងកិច្ចសម្ភាសនេះ លោកស្រីក៏បានទទួលស្គាល់ជាលើកដំបូងថា កងទ័ពរបស់ សហរដ្ឋអាម៉េរិក កំពុងបណ្ដុះបណ្ដាលដល់កងកម្លាំងរបស់ កោះតៃវ៉ាន់ បន្ទាប់ពីមន្ត្រីម្នាក់របស់មន្ទីរបញ្ចកោណ បានបង្ហើបឱ្យដឹងព័ត៌មាននេះកាលពីដើមខែតុលា។
លោកស្រី Tsai Ing-wen ថ្លែងថា «យើងសហការយ៉ាងទូលំទូលាយជាមួយ សហរដ្ឋអាម៉េរិក ដើម្បីបង្កើនសមត្ថភាពការពារខ្លួន» រួមមានទាំងការដែល សហរដ្ឋអាម៉េរិក កំពុងបណ្ដុះបណ្ដាលមន្ត្រីយោធារបស់ តៃវ៉ាន់ ផងដែរ។
ប៉ុន្តែ មេដឹកនាំរបស់ តៃវ៉ាន់ រូបនេះ ក៏បានសង្កត់ធ្ងន់ថា លោកស្រីសង្ឃឹមថា ចិនដីគោក និង កោះតៃវ៉ាន់ អាច «រួមរស់ជាមួយគ្នានៅក្នុងសន្តិភាព» និងត្រៀមខ្លួនជានិច្ចក្នុងការជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បី «កាត់បន្ថយការយល់ច្រលំ» ដោះស្រាយបញ្ហាខ្វែងគំនិតគ្នានៅក្នុងប្រព័ន្ធនយោបាយ។
ការអធិប្បាយរបស់លោកស្រី Tsai Ing-wen ត្រូវបានលើកឡើងនៅពេលប្រធានាធិបតីអាម៉េរិក លោក Joe Biden រិះគន់ចំពោះ ប្រទេសចិន ទាក់ទិននឹងសកម្មភាពយោធានៅក្បែរ កោះតៃវ៉ាន់ ក្នុងពេលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍ ដែលមានវត្តមានរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ផងដែរ។
សហរដ្ឋអាម៉េរិក និង ចិនដីគោក កំពុង «ឈ្លោះប្រកែកគ្នា» ទាក់ទងនឹងការដែលថា គួរអនុញ្ញាតឱ្យ តៃវ៉ាន់ ចូលជាសមាជិកនៃអង្គការនានារបស់ អង្គការសហប្រជាជាតិ ឬអត់។ អាម៉េរិក យល់ថា តៃវ៉ាន់ គួរតែបានចូលរួម ដោយសារ «តម្លៃជាក់ស្ដែង» ខណៈដែល ចិនដីគោក ប្រកាសថា កោះតៃវ៉ាន់ មិនមានសិទ្ធិចូលរួមក្នុងអង្គការអន្តរជាតិណាមួយនោះទេ៕