ប្រាក់ចំនួន 2% នៃទ្រព្យសម្បត្តិសរុបចំនួន 289 ពាន់លានដុល្លារ របស់មហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX អាចជួយសង្គ្រោះមនុស្សចំនួន 42 លាននាក់ និងដោះស្រាយគ្រោះទុរភិក្សនៅទូទាំងពិភពលោក។
ក្រុមមហាសេដ្ឋីគួរតែ «ឧបត្ថម្ភនៅពេលនេះ និងតែម្ដងគត់» នាយកកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ លោក David Beasley បានឆ្លើយក្នុងកិច្ចសម្ភាសរបស់កម្មវិធីដែលត្រូវបានផ្សាយកាលពីថ្ងៃទី 26 តុលា របស់ CNN ស្ដីពីកំពូលអ្នកមានជាងគេពីររូបគឺ លោក Jeff Bezos និងលោក Elon Musk។
«42 ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាជនចំនួន 42 លាននាក់ ដែលជាអ្នកនឹងត្រូវស្លាប់ បើសិនយើងមិនបានជួយពួកគេ។ រឿងនេះមិនស្មុគស្មាញឡើយ» លោក David Beasley និយាយដូច្នេះ។
យោងតាមសារព័ត៌មាន Bloomberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk មានទ្រព្យជិត 289 ពាន់លានដុល្លារ។ David Beasley បានស្នើសុំឱ្យមានការបរិច្ចាគ 2% នៃទ្រព្យរបស់មហាសេដ្ឋី Elon Musk។ តម្លៃទ្រព្យរបស់បណ្ដាមហាសេដ្ឋីនៅ សហរដ្ឋអាម៉េរិក បានកើនឡើងជិតទ្វេដង ចាប់ពីវីរុស COVID-19 បានបង្ហាញខ្លួនដំបូង ដោយកើនដល់ជាង 5 លានលាន (ទ្រីលាន) ដុល្លារ នៅក្នុងខែតុលា នេះបើតាមវិទ្យាស្ថានអាម៉េរិក សម្រាប់កិច្ចការស្រាវជ្រាវគោលនយោបាយ និងយុត្តធម៌ពន្ធដារ។
លោក Beasley យល់ថា ការដែលពិភពលោកត្រូវប្រឈមនឹងវិបត្តិច្រើនក្នុងពេលតែមួយ ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ និងរោគរាតត្បាត COVID-19 គឺមានន័យថា ប្រទេសជាច្រើនកំពុងដើរជិតដល់ «គ្រោះទុរភិក្ស»។
យោងតាមរបាយការណ៍របស់ WFP ដែលបានប្រកាសកាលពីថ្ងៃទី 25 តុលា ប្រជាជនអាហ្វហ្គានីស្ថាន ចំនួនពាក់កណ្ដាល ដែលស្មើនឹង 22.8 លាននាក់ កំពុងប្រឈមនឹងវិបត្តិទុរភិក្ស ក្នុងនោះមានកុមារជាង 3.2 លាននាក់ផងដែរ។
នៅប្រទេសអេត្យូពី អង្គការ WFP បានគណនាឃើញថា មនុស្ស 5.2 លាននាក់កំពុងត្រូវការជំនួយស្បៀងអាហារបន្ទាន់ នៅតំបន់ Tigray ជាទីដែលនាយករដ្ឋមន្ត្រី Abiy Ahmed បញ្ជាឱ្យវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងរណសិរ្យរំដោះប្រជាជន Tigray (TPLF) កាលពីឆ្នាំទៅ។ ជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងជាង 2 លាននាក់ត្រូវរត់ចោលស្រុក។
បណ្ដាអង្គការមនុស្សធម៌ដូចជា WFP ជាដើម ត្រូវប្រឹងប្រែងធ្វើការដោយត្រដរដើម្បីមានប្រភពផ្គត់ផ្គង់សម្រាប់ពលរដ្ឋដែលកំពុងមានតម្រូវ ធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង។
«យើងមិនដឹងថា ពួកគេបានអ្វីដើម្បីបរិភោគនោះទេ» Beasley ថ្លែងនៅក្នុងកិច្ចសម្ភាសដូច្នេះ។ «យើងអស់ឥន្ធនៈ គ្មានប្រាក់ដើម្បីបើកប្រាក់ខែដល់បុគ្គលិក ហើយក៏មិនអាចបញ្ជូនរថយន្តដឹកទំនិញចូលតំបន់នោះ»៕