អាជ្ញាធរចិន បានសម្រេចចិត្តចាប់ខ្លួន Yin Jiaxu អតីតប្រធានរបស់ Norinco ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតអាវុធធំបំផុតនៅ ប្រទេសចិន។
ការចាប់ខ្លួន Yin Jiaxu អាយុ 65 ឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមបទចោទ «សង្ស័យថាបានប្រព្រឹត្តអំពើស៊ីសំណូក ផ្ដល់ផលប្រយោជន៍ដោយខុសច្បាប់ទៅឱ្យសាច់ញាតិ និងមិត្តភក្ដិ»។
អតីតប្រធានក្រុមហ៊ុនឧស្សាហក្មភាគខាងជើងប្រទេស (Norinco) ត្រូវបានគណៈកម្មការជាតិអធិការកិច្ច និងវិន័យ (Central Commission for Discipline Inspection/CCDI) ស៊ើបអង្កេតរយៈពេល 7 ឆ្នាំមកហើយ ទាក់ទិននឹង «ការរំលោភយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់» (ឃ្លាដែលតែងត្រូវបានគេប្រើប្រាស់ជំនួសពាក្យពុករលួយ នៅ ប្រទេសចិន) មុនពេលត្រូវបានចាប់ខ្លួន។
លោក Yin Jiaxu ធ្លាប់ជាលេខាបក្ស និងជាប្រធានក្រុមហ៊ុន Norinco រហូតដល់ឆ្នាំ 2018។ លោកត្រូវបានប្រគល់ខ្លួនទៅឱ្យតុលាការកាលពីថ្ងៃទី 30 កញ្ញា ឆ្នាំ 2021 បន្ទាប់ពីត្រូវបណ្ដេញពីបក្ស និងដកហូតរាល់មុខតំណាង និងអត្ថប្រយោជន៍។
CCDI បានចោទលោក Yin ថា បានទទួលសំណូកជាទឹកប្រាក់ និងអំណោយយ៉ាងច្រើន ព្រមទាំងប្រើតួនាទីទាញយកផលប្រយោជន៍ជួយដល់អ្នកផ្សេង និងចែករំលែកសកម្មភាពជំនួញឱ្យទៅសាច់ញាតិ និងមិត្តភក្ដិ ដែលនាំឱ្យជាតិមានការខាតបង់ច្រើន។
មុនពេលបានឡើងកាន់តំណែងខ្ពស់បំផុតនៅ Norinco ក្នុងពីឆ្នាំ 2013 លោក Yin ធ្លាប់បានធ្វើការរយៈពេល 14 ឆ្នាំនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Norinco ដែលមានជំនាញខាងផលិតរថយន្តទេសចរណ៍ រថយន្តដឹកទំនិញខ្នាតតូច និងរថយន្តដឹកទំនិញពាណិជ្ជកម្ម។ លោក ត្រូវបានគេចាត់ទុកថាជាកូនសោសំខាន់ដែលជួយឱ្យក្រុមហ៊ុន Norinco បានចាកផុតពីហានិភ័យនៃការក្ស័យធនកាលពីឆ្នាំ 1998។
លោក Yin គឺជាប្រធានជាន់ខ្ពស់ទីពីររបស់ Norinco ដែលបានប្រឈមនឹងតុលាការ ចាប់តាំងពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផ្ដួចផ្ដើមយុទ្ធនាការប្រឆាំងអំពើពុករលួយកាលពី 9 ឆ្នាំមុន៕