កងទ័ពរបស់ ប្រទេសស៊ូដង់ ត្រូវបានគេជឿថា កំពុងឃុំខ្លួននាយករដ្ឋមន្ត្រី Hamdok នៅក្នុងផ្ទះ និងចាប់ខ្លួនរដ្ឋមន្ត្រី 4 រូប ក្រោយពីមានការខ្វែងគំនិតជាមួយនឹងអាជ្ញាធរស៊ីវិលអស់ជាច្រើនខែ។
នាយករដ្ឋមន្ត្រី Abdalla Hamdok ត្រូវបានឃុំខ្លួនក្នុងផ្ទះចាប់ពីព្រឹកនេះ បន្ទាប់ពីអង្គភាពមួយនៃកងទ័ពបានឡោមព័ទ្ធផ្ទះរបស់លោកនៅឯរដ្ឋធានី Khartoum។ ទូរទស្សន៍ Al Hadath បានរាយការណ៍ថា ក្រុមមនុស្សដែលស្លៀកឈុតទាហាន និងប្រដាប់ដោយអាវុធ ក៏បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងរដ្ឋាភិបាល ក្នុងនោះក៏មានទាំងរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទីប្រឹក្សាផ្នែកសារព័ត៌មានរបស់នាយករដ្ឋមន្ត្រី និងសមាជិកម្នាក់នៃក្រុមប្រឹក្សាអធិបតេយ្យ។
ក្រសួងព័ត៌មានរបស់ ស៊ូដង់ ក្រោយមកបានចេញប្រកាសទទួលថា រដ្ឋមន្ត្រីជាច្រើនរូបត្រូវបាន «កងកម្លាំងចម្រុះ» ចាប់ខ្លួន។ «បន្ទាប់ពីនាយករដ្ឋមន្ត្រី Hamdok បដិសេធមិនចូលរួមធ្វើរដ្ឋប្រហារ អង្គភាពមួយរបស់កងទ័ព បានចាប់ខ្លួនលោក និងនាំទៅកាន់ទីតាំងអាថ៌កំបាំង» សេចក្ដីប្រកាស មានឃ្លាមួយសរសេរដូច្នេះ។
ក្រុមអ្នកយកព័ត៌មានរបស់ AFP បានឱ្យដឹងថា បណ្ដាញអ៊ីនធើណិត ត្រូវបានកាត់ផ្ដាច់ទូទាំងប្រទេស នៅពេលមានបាតុកម្មកើតឡើងនៅតាមដងផ្លូវដើម្បីប្រឆាំងនឹងទង្វើរបស់កងទ័ព។ ទាហានត្រូវបានគេដាក់ពង្រាយនៅតាមបណ្ដោយផ្លូវទៅកាន់រដ្ឋធានី ខណៈទូរទស្សន៍ជាតិកំពុងចាក់ផ្សាយបទចម្រៀងស្នេហាជាតិ។
សមាគមអ្នកជំនាញស៊ូដង់ ដែលជាក្រុមគាំទ្រប្រជាធិបតេយ្យ បានហៅទង្វើរបស់កងទ័ពថាជាអំពើរដ្ឋប្រហារយោធា និងបានអំពាវនាវឱ្យប្រជាជនចេញធ្វើបាតុកម្មប្រឆាំង។
អស្ថិរភាពនយោបាយបានកើតឡើងនៅ ប្រទេសស៊ូដង់ បន្ទាប់ពីរដ្ឋប្រហារយោធាបរាជ័យមួយកាលពីខែមុន។ កាលណោះ ទាហានប្រហែល 40 នាក់ ត្រូវបានចាប់ខ្លួននៅពេលពួកគេកំពុងរកវិធីគ្រប់គ្រងអគាររបស់ស្ថានីយទូរទស្សន៍ជាតិ និងអគ្គបញ្ជាការដ្ឋានកងទ័ព។
បណ្ដាក្រុមដែលគាំទ្រដោយកងទ័ព និងក្រុមស៊ីវិលគាំទ្រប្រជាធិបតេយ្យនៅ ស៊ូដង់ បាន និងកំពុងប្រកួតប្រជែងគ្នាក្នុងការចែករំលែកអំណាច បន្ទាប់ពីមេដឹកនាំយូរឆ្នាំ Omar al-Bashir ត្រូវបានផ្ដួលរំលំកាលពីឆ្នាំ 2019។ Bashir បច្ចុប្បន្នជាប់ឃុំនៅក្នុងពន្ធនាគារនៅ Khartoum និងកំពុងប្រឈមនឹងការចោទប្រកាន់ជាច្រើន។
ក្រុមប្រឹក្សាអធិបតេយ្យស៊ូដង់ កំពុងទទួលបន្ទុកដឹកនាំប្រទេស ទៅតាមកិច្ចព្រមព្រៀងចែករំលែកអំណាចរវាងកងទ័ព និងកងកម្លាំងស៊ីវិល ក្រោយពី Bashir ត្រូវបានផ្ដួលរំលំ។ តាមគម្រោង ការបោះឆ្នោតនានានឹងត្រូវធ្វើឡើងនៅឆ្នាំ 2024៕