(កូឡុំប៊ី)-កងកម្លាំងពិសេសរបស់ ប្រទេសកូឡុំប៊ី ទើបតែបានចាប់ខ្លួនកំពូលអ្នកជួញដូរគ្រឿងញៀន Dairo Antonio Usuga ឬហៅថា Otoniel នៅក្នុងយុទ្ធនាការឡោមព័ទ្ធទ្រង់ទ្រាយធំ។
យោងតាមទូរទស្សន៍ RT ទាហានជាង 500 នាក់ និងឧទ្ធម្ភាគចក្រចំនួន 22 គ្រឿង បានចូលរួមក្នុងបេសកកម្មតាមចាប់ខ្លួន Otoniel នៅក្នុងព្រៃនៃតំបន់ Uraba ភាគពាយព្យនេះ ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី 23 តុលា។
ទំហំនៃបេសកកម្មឡោមព័ទ្ធនេះចាប់ខ្លួននេះ ធំដល់ថ្នាក់សូម្បីតែបណ្ដាញសន្តិសុខដែលមាន 8 ស្រទាប់ ដឹកនាំដោយជនជួញដូរគ្រឿងញៀនរូបនេះ ក៏មិនអាចការពារបាន។
ក្រុមមន្ត្រីមូលដ្ឋានបានឱ្យដឹងថា យុទ្ធនាការដែលបានបណ្ដាលឱ្យប៉ូលិសម្នាក់ស្លាប់នេះ ត្រូវបានធ្វើឡើងដោយយោងទៅតាមព័ត៌មានសម្ងាត់ដែលផ្ដល់ឱ្យដោយ សហរដ្ឋអាម៉េរិក និងអង់គ្លេស។
នៅក្នុងថ្ងៃជាមួយគ្នា ក្រុមទាហានដែលមានអាវុធគ្រប់ប្រភេទ បានចាប់ និងនាំខ្លួន Otoniel ចេញពីព្រៃ។ នៅក្នុងរូបថតដែលចេញផ្សាយដោយសារព័ត៌មាន កូឡុំប៊ី គេឃើញថា មេគ្រឿងញៀននេះពាក់ស្បែកជើងកៅស៊ូកវែង។
ប្រធានាធិបតីកូឡុំប៊ី Ivan Duque បានប្រកាសថា ការចាប់ខ្លួន Otoniel នេះគឺជាការសំពងក្បាលដ៏ធ្ងន់បំផុតទៅលើបណ្ដាញជួញដូរគ្រឿងញៀននៅក្នុងប្រទេសនេះ ក្នុងអំឡុងមួយសតវត្សរ៍កន្លងមក។
Dairo Antonio Usuga ត្រូវបានគេចាត់ទុកថាជាមេដឹកនាំក្រុមសង្គមងងឹត Gulf Clan ដែលគ្រប់គ្រងបណ្ដាញជួញដូរទំនិញហាមឃាត់នៅក្នុងព្រៃ បង្កឱ្យមានការភ័យខ្លាចនៅពាសពេញភាគខាងជើងនៃ ប្រទេសកូឡុំប៊ី។ ក្រុមសង្គមងងឹតនេះមានខ្មាន់កាំភ្លើងចំនួន 1,200 នាក់ ដែលភាគច្រើនគឺជាទាហានរបបចាស់។ អាជ្ញាធរកូឡុំប៊ី ក៏បានចោទមេគ្រឿងញៀននេះអំពីបទបង្ខំឱ្យក្មេងៗចូលរួមក្នុងបណ្ដាញរបស់ពួកគេដោយប្រើកម្លាំងបាយ និងការរំលោភបំពានផ្លូវភេទ។
អង្គភាពប្រឆាំងគ្រឿងញៀន (DEA) របស់ សហរដ្ឋអាម៉េរិក កន្លងមក ធ្លាប់បានប្រកាសផ្ដល់រង្វាន់ 5 លានដុល្លារ ដល់អ្នកទាំងឡាយណាដែលបានចាប់ខ្លួន Otoniel។ កាលពីឆ្នាំ 2009 តុលាការនៅ Manhattan បានចោទប្រកាន់ជននេះពីបទជួញដូរគ្រឿងញៀន ក៏ដូចជាអំពើគាំទ្រដល់កងជីវពលដែលត្រូវបានចាត់ទុកថាជាក្រុមភេរវករនៅ សហរដ្ឋអាម៉េរិក។
Otoniel បានជួញដូរគ្រឿងញៀនប្រភេទ កូកាអ៊ីន ចំនួន 73 តោន ចូលទឹកដី អាម៉េរិក ចាប់ពីឆ្នាំ 2003 ដល់ 2014 ដោយឆ្លងកាត់បណ្ដាប្រទេស ដូចជា វ៉េណេស៊ុយអេឡា, ក្វាតេម៉ាឡា , ម៉ុកស៊ិក, ប៉ាណាម៉ា និង ហុងឌូរ៉ាស។
មេគ្រឿងញៀននេះ បានលាក់ខ្លួនពីសមត្ថកិច្ច កូឡុំប៊ី អស់រយៈពេលជាងមួយទសវត្ស៍មកហើយ។ ជននេះត្រូវបានគេជឿថា មិនដែលលាក់ខ្លួននៅកន្លែងតែមួយ លើសពីមួយយប់នោះឡើយ៕