Skip to content

(វីដេអូ)-ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​នៅ ប្រទេស​ចិន ធ្វើឱ្យ​កក្រើក​ទីក្រុង សេន​យ៉ាង

ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​ដែល​គេ​សង្ស័យថា បណ្ដាលមកពី​ធុង​ហ្គាស នៅក្នុង ទីក្រុង​សេន​យ៉ាង (Shenyang) ប្រទេស​ចិន កាលពី​ព្រឹក​មិញ​នេះ បាន​បង្កឱ្យមាន​អ្នកស្លាប់ និង​របួស​ច្រើន​នាក់ ព្រមទាំង​បាន​បំផ្លាញ​អគារ និង​យានជំនិះ​ច្រើន​គ្រឿង​ផងដែរ។

ករណីនេះ​កើតឡើង​នៅក្នុង តំបន់​សេន​យ៉ាង ជាទី​ក្រុង​រដ្ឋបាល​រប​ស់ ខេត្ត​លាវ​នី​ង (Liaoning) ភាគ​ឦសាន​នៃ ប្រទេស​ចិន នៅវេលា​ម៉ោង​ប្រហែល 8 និង 20 នាទី ព្រឹក (ម៉ោង 7 និង 20 នាទី នៅ ភ្នំពេញ) បណ្ដាលឱ្យ​ផ្នែក​ខាងមុខ​នៃ​អគារ​មួយ​ខ្នង​ត្រូវ​ក្លាយជា​គំនរ​បាក់បែក។ ព័ត៌មាន​បឋម​ឱ្យដឹងថា យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ស្លាប់ 3 នាក់ និង​ជាង 30 នាក់​រងរបួស។

ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាម កងកម្លាំង​ពន្លត់​អគ្គិភ័យ​ចំនួន 110 នាក់ រួម​នឹង​រថយន្ត​បាញ់​ទឹក​សរុប 25 គ្រឿង ត្រូវបាន​បញ្ជូន​ទៅដល់​កន្លែងកើតហេតុ។

ក្រុម​សមត្ថកិច្ច​បានចាប់ផ្ដើម​ជម្លៀស​មនុស្ស​នៅក្បែរ​ទីតាំង​កើតហេតុ។ ស្ត្រី​ម្នាក់​ដែលមាន​ទីលំនៅ​ក្បែរ​នោះបាន​និយាយថា កញ្ចក់​បង្ហួ​ច​ផ្ទះ​របស់គាត់​ត្រូវ​បែកខ្ទេច​ខ្ទី​ដោយសារ​ការផ្ទុះ​នេះ។

កាលពី​ខែមិថុនា​កន្លងទៅ មាន​ករណី​ផ្ទុះ​បំពង់​បង្ហូរ​ហ្គាស​មួយ​នៅ​តំបន់​ប្រជុំជន​នៃ ខេត្ត​ហ៊ូ​ប៉ី (Hubei) ភាគ​កណ្ដាល​ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​ចំនួន 25 នាក់​បាត់​បង់ជីវិត និង​ជាង 100 នាក់​រងរបួស។ មនុស្ស 8 នាក់ ក្នុងនោះ​ក៏មាន​ទាំង​អគ្គនាយក​ក្រុមហ៊ុន​គ្រប់គ្រង​ប្រព័ន្ធ​បំពង់​បង្ហូរ​ហ្គាស ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ក្រុមមន្ត្រី​រកឃើញថា វិធាន​ការធានា​សុវត្ថិ​ភាពមិន​ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ៕

Leave a Reply

Your email address will not be published. Required fields are marked *