Skip to content

មូលដ្ឋានទ័ព​របស់ អាម៉េរិក ត្រូវ​រង​ការវាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក

(ប្រទេស​ស៊ី​រី)-មូលដ្ឋានទ័ព​យុទ្ធសាស្ត្រ al-Tanf ត្រូវបាន​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ដែល​ផ្ទុក​ពេញ​ដោយ​គ្រឿងផ្ទុះ វាយប្រហារ ប៉ុន្តែ​មិនបាន​បណ្ដាលឱ្យមាន​ទាហាន អាម៉េរិក ណា​ម្នាក់​ស្លាប់ ឬ​រងរបួស​នោះទេ។

មន្ត្រី អាម៉េរិក មួយរូប សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្ងៃនេះ​បានឱ្យដឹងថា មូលដ្ឋានទ័ព al-Tanf គ្រប់គ្រង​ដោយ សហរដ្ឋ​អាម៉េរិក ដែលមាន​ទីតាំងនៅ​ភាគខាងត្បូង​នៃ ប្រទេស​ស៊ី​រី ត្រូវ​រង​ការវាយប្រហារ​ពី «យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) និង​អាវុធ ដោយ​ប្រយោល»។ ប្រភពព័ត៌មាន​ពី​កងសន្តិសុខ​នៃ ប្រទេស​អ៊ីរ៉ាក់ បង្ហើប​ឱ្យដឹងថា ករណី​វាយប្រហារ​នេះ​ប្រើប្រាស់​យន្តហោះ UAV ចំនួន 5 គ្រឿង​ដែល​ផ្ទុក​ពេញ​ដោយ​គ្រឿងផ្ទុះ និង​ត្រូវបាន​បញ្ជា​ពី ទឹកដី​ស៊ី​រី។

ពុំមាន​ករណី​ស្លាប់ ឬ​រងរបួស​នៅក្នុង​ការវាយប្រហារ​លើ​ក​នេះ ប៉ុន្តែ មន្ត្រី​របស់ អាម៉េរិក ឱ្យដឹងថា គេ​មិនទាន់​ប្រាកដថា ក្រុម​ណា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​នៅឡើយ។ យ៉ាងនេះ​ក្ដី មូលដ្ឋានទ័ព al-Tanf កន្លងមក​ធ្លាប់ជា​គោលដៅ​នៃ​ការវាយប្រហារ​ដោយ UAV របស់​កងជីវពល​ស្និទ្ធ​នឹង អ៊ីរ៉ង់ ដែល​កំពុង​ឈរជើង​នៅលើ​ទឹកដី ស៊ី​រី។

សហរដ្ឋ​អាម៉េរិក គ្រប់គ្រង​តំបន់ al-Tanf ចាប់តាំងពី​ក្រុម​យោធា​ស៊ី​រី​ថ្មី (NSA) ដែល​គាំទ្រ​ដោយ អាម៉េរិក ដណ្ដើមបាន​តំបន់​ព្រំដែន​ជាប់​នឹង ប្រទេស​អ៊ីរ៉ាក់ កាលពី​ឆ្នាំ 2016។ មូលដ្ឋានទ័ព​ដែល សហរដ្ឋ​អាម៉េរិក បាន​សាងសង់​នៅទីនេះ​ត្រូវបាន​ចាត់ទុកថា​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​ដើម្បីឱ្យ អាម៉េរិក ដណ្ដើមបាន​ឥទ្ធិពល​ក្នុង​តំបន់ ព្រោះតែ​វា​ស្ថិតនៅ​ក្បែរ​តំបន់ត្រីកោណ​រវាង ប្រទេស​ស៊ី​រី ហ្ស៊​កដា​នី និង អ៊ីរ៉ាក់។

Al-Tanf ក៏​ជាទី​តាំងតែ​មួយគត់​ដែលមាន​វត្តមាន​យោធា​ដ៏​ច្រើន​របស់ អាម៉េរិក ក្នុង ប្រទេស​ស៊ី​រី ដែល​នៅ​ខាងក្រៅ​តំបន់​ភាគ​ខាងជើង​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ Kurd។ អាម៉េរិក ធ្លាប់បាន​ដកទ័ព​ចេញពី​ទីនេះ​កាលពី​ឆ្នាំ 2018 ប៉ុន្តែ ក្រោយមក​ក៏​ត្រលប់​មកវិញ ហើយ​រក្សា​វត្តមាន និង​បង្កើត​តំបន់​កណ្ដាល​ដែលមាន​ទំហំ 50 គីឡូម៉ែត្រ ព័ទ្ធជុំវិញ al-Tanf ដើម្បី​ទប់ស្កាត់​ការប៉ះទង្គិច​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី និង រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *