Skip to content

(វីដេអូ)-អ្នកទោស​កូរ៉េខាងជើង «ហែក​គុក» គេចខ្លួន​បានសម្រេច! អាជ្ញាធរ​ចិន ប្រកាស​ផ្ដល់​រង្វាន់​រាប់ម៉ឺន​ដុល្លារ ដល់​អ្នករាយការណ៍​ពី​ជននេះ

អាជ្ញាធរ​ចិន ប្រកាស​ប្រគល់​រង្វាន់​ជា​ប្រាក់​ចំនួន 23,000 ដុល្លារ​អាម៉េរិក ដល់​ជន​ណា​ដែល​បានផ្ដល់​ព័ត៌មាន​នាំទៅរក​ការចាប់ខ្លួន Zhu Zianjian ដែលជា​ទណ្ឌិត​ជនជាតិ​កូរ៉េខាងជើង។

នគរបាល​នៃ​ទីក្រុង​ជី​លីន (Jilin City) នៅ​ភាគ​ឦសាន​ប្រទេស​ចិន កាលពី​ម្សិលមិញ (19 តុលា) បានចេញ​បញ្ជា​តាម​ចាប់ខ្លួន Zhu Xianjian ដែលជា​កម្មករ​អណ្ដូងរ៉ែ​ធ្យូងថ្ម អាយុ 39 ឆ្នាំ មកពី​ខេត្ត ហាំ​យ៉ុង​ខាងជើង នៃ ប្រទេស​កូរ៉េខាងជើង។

ប្រកាស​របស់​នគរបាល​ក្រុង​ជី​លីន បានឱ្យដឹងថា Zhu មាន​កម្ពស់ 160 ស.ម និង ពាក់អាវ​អ្នកទោស​នៅពេល​រត់​ចេញពី​ពន្ធនាគារ​កាលពី​យប់​ថ្ងៃទី 18 តុលា។ អ្នក​ដែល​បានផ្ដល់​ព័ត៌មាន​នាំទៅរក​ការចាប់ខ្លួន Zhu នឹង​ទទួលបាន​ប្រាក់រង្វាន់ 100,000 យុន (ជាង 23,000 ដុល្លារ​អាម៉េរិក)។

កាលពី​ឆ្នាំ 2013 Zhu បាន​ឆ្លងដែន​ខុសច្បាប់ ចូលទៅក្នុង​តំបន់​ស្វយ័ត​ជនជាតិ​កូរ៉េ​យ៉ាន​បៀ​ន/Yanbian (ភាសា​ចិន) ឬ យ៉ុ​ន​ប៊ី​យ៉ុ​ន/Yeon Byeon (ភាសា​កូរ៉េ) នៃ​ទឹកដី​ចិន នៅ​តំបន់​ទល់ដែន​ចិន-កូរ៉េខាងជើង។ ក្រោយពី​បាន​ចូលដល់​ទឹកដី​ចិន Zhu ត្រូវបាន​គេ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ 11 ឆ្នាំ និង 3 ខែ ដោយសារតែ​បាន​ប្រព្រឹត្ត​បទល្មើស​មួយចំនួន។

ក្នុងពេល​ជាប់ពន្ធនាគារ Zhu ទទួល​បានការ​សម្រាល​ទោស​ពីរលើក ក្រោយពី​មានការ​កែប្រែ​ខ្លួន។ គិត​ត្រឹម​អំឡុងពេល​រត់​ពី​ពន្ធនាគារ Zhu នៅសល់​មិន​ដល់​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ បាន​រួចខ្លួន​ដោយ​ស្របច្បាប់។

សកម្មភាព​ដែល​កាមេរ៉ា​ថត​បាន បង្ហាញថា Zhu ឡើងទៅ​លើដំបូល​ឃ្លាំង​នៅ​ជាយ​ពន្ធនាគារ រួច​យក​ខ្សែពួរ​ធ្វើឱ្យ​ខូច​របង​បន្លា​លួស​អគ្គិសនី ហើយ​តោង​ឆ្លងកាត់​របង រត់គេចខ្លួន​បានសម្រេច។

ករណីនេះ​ទាក់ទាញ​ចំណាប់អារម្មណ៍​ច្រើន​ពី​ក្រុមអ្នកលេង​បណ្ដាញ​សង្គម​ចិន។ អ្នកលេង​ម្នាក់​សន្និដ្ឋានថា Zhu រត់​​ចេញ​ពី​ពន្ធនាគារ​ដោយ​ជោគជ័យ ព្រោះតែ​ក្រុមមន្ត្រី​ពន្ធនាគារ​មិនអាច​ចាក​ចេញទៅ​ដេញចាប់​អ្នកទោស ដោយសារ​បទបញ្ជា​ទាក់ទិន​នឹង​បញ្ហា​ទប់ស្កាត់ COVID-19 នេះ​បើតាម​ប្រកាស​ពី​ពន្ធនាគារ​នៃ​ខេត្ត​គួ​យ​ចូ​វ (Guizhou) និង​ខេត្ត​ក្វាង​ទុង (Guangdong)៕

Leave a Reply

Your email address will not be published. Required fields are marked *