(អាហ្វហ្គានីស្ថាន)-ប្ដីប្រពន្ធមួយគូនៅទីក្រុង Herat ត្រូវប្រគល់កូនស្រីអាយុ 3 ឆ្នាំ ទៅឱ្យម្ចាស់បំណុល នៅក្នុងស្ថានភាពគ្រោះទុរភិក្សកំពុងគ្របដណ្ដប់ទឹកដី អាហ្វហ្គានីស្ថាន ចាប់តាំងពី តាលីបង់ បានឡើងក្ដាប់អំណាច។
ដើម្បីដោះស្រាយជីវភាពគ្រួសារ Saleha ដែលជាស្ត្រីវ័យ 40 ឆ្នាំ មានការងារជាអ្នកបោសសម្អាតផ្ទះនៅទីក្រុង Herat ស្ថិតក្នុងភាគខាងលិចនៃ ប្រទេសអាហ្វហ្គានីស្ថាន ក៏បានខ្ចីប្រាក់ពីម្ចាស់ផ្ទះ។ ស្ត្រីដែលមានកូន 6 នាក់នេះ រកប្រាក់បានប្រហែល 70 សេនប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈដែលប្ដីរបស់នាងមិនមានការងារធ្វើ។
នៅពេលខ្ទង់បំណុលបានកើនដល់ 550 ដុល្លារអាម៉េរិក គ្រួសាររបស់ Saleha អស់លទ្ធភាពនឹងសងបំណុល ហើយមានតែវិធីតែមួយគត់ដែលអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុ នោះគឺ «លក់កូនស្រីអាយុ 3 ឆ្នាំ ឈ្មោះ Najiba ឱ្យទៅម្ចាស់បំណុល»។
«បើសិនជាជីវភាពនៅតែបន្តអាក្រក់ដូច្នេះទៀត ខ្ញុំនឹងសម្លាប់កូន ហើយសម្លាប់ខ្លួនឯង។ ខ្ញុំមិនដឹងថា ល្ងាចនេះយើងនឹងមានអ្វីហូបនោះទេ» អ្នកស្រី Saleha ឱ្យដឹងដូច្នេះ។
ប្ដីរបស់អ្នកស្រីគឺលោក Abdul Wahab និយាយថា៖ «ខ្ញុំនឹងខំរកប្រាក់ដើម្បីជួយសង្គ្រោះកូនស្រី»។
ចំណែកម្ចាស់បំណុលឈ្មោះ Khalid Ahmad វិញ បានប្រាប់ថា ខ្លួនត្រូវបង្ខំចិត្តទទួលយកកុមារីអាយុ 3 ឆ្នាំនេះ ដើម្បីដោះស្រាយបំណុល។ ខ្ញុំក៏មិនមានប្រាក់។ ពួកគេមិនទាន់សងប្រាក់មកខ្ញុំ ទើបខ្ញុំមិនមានជម្រើសណាផ្សេងក្រៅតែពីការទទួលយកក្មេងតូចនេះ»។
កាលពីខែមុន កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (Unations Development Programme/UNDP) បានបញ្ជាក់ថា អាហ្វហ្គានីស្ថាន កំពុងឆ្ពោះទៅកាន់ «គ្រោះទុរភិក្សទូទាំងប្រទេស» បន្ទាប់ពី តាលីបង់ បានចូលគ្រប់គ្រងអំណាច។ ប្រធាន UNDP ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកស្រី Kanni Wignaraja មានប្រសាសន៍ថា ក្នុងរយៈពេល 1 ឆ្នាំទៀត អត្រានៃភាពអត់ឃ្លាននៅ អាហ្វហ្គានីស្ថាន នឹងឡើងដល់ 97-98%។
តាលីបង់ បានក្ដាប់អំណាចនៅ អាហ្វហ្គានីស្ថាន កាលពីចុងខែសីហា ឆ្នាំ 2021 បន្ទាប់ពី សហរដ្ឋអាម៉េរិក ដកទ័ពចេញពីប្រទេសនេះ។ តាលីបង់ ក្រោយមកក៏បានប្ដូរឈ្មោះប្រទេសទៅជា អេមីរ៉ាតអ៊ីស្លាមនៃអាហ្វហ្កានីស្ថាន (Islamic Emirate of Afghanistan) ដែលឈ្មោះនេះធ្លាប់ត្រូវបានប្រើប្រាស់ក្នុងគ្រាក្រុមនេះកាន់កាប់អំណាចនៅ អាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ 1996 ដល់ឆ្នាំ 2001។
ក្រោយពី សហរដ្ឋអាម៉េរិក បានធ្វើអន្តរាគមន៍យោធាកាលពីឆ្នាំ 2001 និងបង្កើតរដ្ឋាភិបាលដែលស្និទ្ធនឹងក្រុមប្រទេសលោកខាងលិច ក្នុងរយៈពេលម្ភៃឆ្នាំ អាហ្វហ្គានីស្ថាន បានស្គាល់ភាពរុងរឿងផ្នែកសេដ្ឋកិច្ច រួមទាំងបង្កើនប្រាក់ចំណូលបានទ្វេដង ហើយវិស័យអប់រំក៏រីកចម្រើនផងដែរ។
ប៉ុន្តែ បន្ទាប់ពី តាលីបង់ ត្រលប់មកកាន់អំណាចវិញ សេដ្ឋកិច្ចរបស់ អាហ្វហ្គានីស្ថាន ក៏ដាំក្បាលចុះ និងស្ថិតក្បែរមាត់ជ្រោះមរណៈ នៅពេលសាច់ប្រាក់ជិត 10 ពាន់លានដុល្លាររបស់ធនាគារជាតិនៃប្រទេសនេះ ត្រូវ សហរដ្ឋអាម៉េរិក បង្កក៕