កាលពីថ្ងៃទី 16 តុលា មនុស្សរាប់សែននាក់បាននាំគ្នាចេញដើរតាមដងផ្លូវក្នុង ទីក្រុងរ៉ូម របស់ ប្រទេសអ៊ីតាលី ដើម្បីចូលរួមធ្វើបាតុកម្មប្រឆាំងនឹង ហ្វាស៊ីសនិយម និងប្រមូលផ្ដុំគ្នានៅក្រោមផ្ទាំងបដា «លែងមានលទ្ធិហ្វាស៊ីស៖ គាំទ្រការងារ ការចូលរួម និងប្រជាធិបតេយ្យ»។
ការទាមទារចម្បងរបស់ក្រុមបាតុករគឺ ការរំសាយជាបន្ទាន់នូវបក្ខពួក និងអង្គការចាត់តាំងដែលជាប់ទាក់ទិននឹងលទ្ធិហ្វាស៊ីស បើទោះជាផ្ទាល់ ឬប្រយោលក៏ដោយ។
ប្រភពព័ត៌មានពី ទីក្រុងរ៉ូម បានឱ្យដឹងថា លោក Mauricio Ladini លេខារបស់ សហព័ន្ធសហជីពទូទៅអ៊ីតាលី (CGIL) បានសង្កត់ធ្ងន់ថា៖ «យើងកំពុងនិយាយអំពីចលនាមួយដែលមិនត្រឹមតែមិនមាននិន្នាការរកបក្សណាមួយនោះទេ តែក៏ការពារផលប្រយោជន៍របស់ប្រជាជនទាំងអស់នៅ អ៊ីតាលី»។
ដោយសារតែមានការការពារសន្តិសុខយ៉ាងតឹងរ៉ឹង ដូច្នេះពុំមានបញ្ហាហិង្សាណាមួយកើតឡើងនៅក្នុងបាតុកម្មនេះ។ យោងតាមក្រុមអ្នករៀបចំ បាតុកម្មនេះមានមនុស្សចូលរួមរហូតដល់ 200,000 នាក់ បន្ទាប់ពីការអំពាវនាវរបស់សហជីពធំៗចំនួន 3 នៅ ប្រទេសអ៊ីតាលី រួមមាន សហព័ន្ធសហជីពទូទៅអ៊ីតាលី (CGIL), សហជីពកម្មករអ៊ីតាលី (CISL) និង សម្ព័ន្ធពលកម្មអ៊ីតាលី (UIL)។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា បាតុកម្មនេះមានមនុស្សចូលរួមជិត 50,000 នាក់ ក្នុងនោះក៏មានលោក Luigi Di Maio រដ្ឋមន្ត្រីការបរទេសអ៊ីតាលី, លោក Enrico Letta ប្រធានបក្សប្រជាធិបតេយ្យ, លោក Giuseppe Conte អតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំចលនាផ្កាយប្រាំ (M5S) ផងដែរ៕