វេលាទៀបភ្លឺនៃថ្ងៃ 16 តុលា (យប់ថ្ងៃទី 15 តុលា នៅភ្នំពេញ) ប្រទេសចិន បានបាញ់បង្ហោះយានអវកាស Shenzhou 13 ដែលដឹកអវកាសចរ 3 នាក់ ក្នុងនោះក៏មានស្ត្រីម្នាក់ផងដែរ ឡើងទៅកាន់បន្ទប់ស្នូលរបស់ស្ថានីយអវកាស Tiangong ដើម្បីបំពេញភារកិច្ច។
យានអវកាស Shenzhou 13 ត្រូវបាននាំទៅកាន់គន្លងគោចរផែនដី ដោយរ៉ុក្កែត Long March 2F ដែលហោះឡើងពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៃខេត្ត Gansu នៅភាគពាយព្យនៃ ប្រទេសចិន។ បេសកកម្មរបស់អ្នកអវកាសទាំងនេះគឺរស់នៅ និងធ្វើការរយៈពេល 6 ខែ នៅលើមេឃ។
នេះគឺជាយានអវកាសទីពីរ នៅក្នុងការបាញ់បង្ហោះ 4 លើក ទៅតាមគម្រោងនាំអ្នកអវកាសឡើងទៅសាងសង់ស្ថានីយអវកាស Tiengong របស់ ប្រទេសចិន ដែលគ្រោងនឹងធ្វើរួចរាល់ជាស្ថាពរនៅចុងឆ្នាំ 2022៕