(អ៊ីតាលី)-បាតុកម្មជាច្រើនបានផ្ទុះឡើងនៅពាសពេញទឹកដី អ៊ីតាលី នៅពេលវិធានការទប់ស្កាត់ COVID-19 ប្រកបដោយភាពតឹងរ៉ឹងបំផុតនៅ អឺរ៉ុប ចាប់ផ្ដើមមានសុពលភាព ដោយសារវាតម្រូវឱ្យបុគ្គលិកទាំងអស់ តាំងពីចៅក្រម រហូតដល់កូនឈ្នួល ត្រូវបង្ហាញប័ណ្ណបៃតង ទើបអាចធ្វើការបាន។
កាលពីថ្ងៃទី 15 តុលា ក្រុមប៉ូលិស អ៊ីតាលី ត្រូវបានដាក់ពង្រាយ សាលារៀនមួយចំនួនត្រូវបិទទ្វារបន្ទាន់ ខណៈដែលស្ថានទូតនានាព្រមានថា បាតុកម្មប្រឆាំងប័ណ្ណបៃតង (ប័ណ្ណបញ្ជាក់អំពីការចាក់វាក់សាំង ឬមានអង់ទីក័រប្រឆាំង COVID-19) អាចក្លាយជាអំពើហិង្សា។
ប៉ុន្តែ នៅដំណាច់ថ្ងៃដដែល បាតុកម្មភាគច្រើនត្រូវបានធ្វើឡើងដោយសន្តិវិធី។ ទីតាំងបាតុកម្មខ្លះ ក្រុមបាតុករបានសម្ដែងសញ្ញាសន្តិភាពដោយការជូនផ្កាដល់កងកម្លាំងប៉ូលិស។
«យើងមកទីនេះមិនមែនដើម្បីបង្កអំពើហិង្សា ឬបញ្ហាស្រដៀងនេះ យើងមកទីនេះក៏ព្រោះតែពួកគេដកហូតសិទ្ធិរបស់យើង។ យើងមិនអាចទៅធ្វើការបានទៀត» បាតុករម្នាក់ឈ្មោះ Elena Campisi ត្អូញត្អែរប្រាប់អ្នកយកព័ត៌មាន។
«ប័ណ្ណបៃតង» (Green Pass) គឺជាភ័ស្ដុតាងដែលទទួលស្គាល់ថា ម្ចាស់វាបានចាក់វ៉ាក់សាំង លទ្ធផលតេស្តអវិជ្ជមានថ្មីៗ ឬបានជាសះស្បើយពីជំងឺ COVID-19 ក្នុងរង្វង់ 6 ខែ។
អ៊ីតាលី តម្រូវឱ្យពលរដ្ឋគ្រប់រូប បង្ហាញប័ណ្ណបៃតង មុនពេលចូលទៅក្នុងអគារ រួមទាំងភោជនីយដ្ឋាន, សារមន្ទីរ, សាលមហោស្រព, រថភ្លើង។ល។ ប៉ុន្តែ ការតម្រូវឱ្យបង្ហាញប័ណ្ណបៃតងទើបអាចចូលធ្វើការបាននាពេលថ្មីៗនេះ បាននាំឱ្យមានមតិប្រឆាំងយ៉ាងខ្លាំងក្លានៅប្រទេសនេះ។
បាតុករម្នាក់ឈ្មោះ Loris Mazzarato ប្រកាសថា៖ «ថ្ងៃនេះពួកគេកំពុងជាន់ឈ្លីរដ្ឋធម្មនុញ្ញរបស់យើង។ ខ្ញុំនិយាយថា ទេ ចំពោះការរើសអើងនេះ»។
Loris Mazzarato ស្ថិតក្នុងចំណោមបាតុកររាប់រយនាក់នៅ Trieste ជាទីដែលការតវ៉ារបស់ពលករកំពង់ផែ កំពុងជះឥទ្ធិពលរបស់សកម្មភាពពាណិជ្ជកម្ម។
បទបញ្ជាថ្មីរបស់ អ៊ីតាលី នេះ ត្រូវបានគេយល់ថា ជាការដាក់សម្ពាធទៅលើពលករ និងអ្នកប្រើប្រាស់ពលករ។ ម៉ាស៊ីនស្កេនកូដ QR លើ Green Pass ត្រូវបានអាជ្ញាធរដំឡើងនៅក្នុងបណ្ដាទីតាំងធ្វើការធំៗ មានដូចជា ការិយាល័យនាយករដ្ឋមន្ត្រី Mario Draghi ឬការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនផ្លូវដែករដ្ឋ Trenitalia ។ល។
ចំណែកនៅទីកន្លែងធ្វើការដែលមានទំហំតូច ចាប់ពីភោជនីយដ្ឋាន ដល់ក្លឹបកីឡាវាយកូនបាល់ (tennis) អ្នកប្រើប្រាស់កម្លាំងពលកម្មត្រូវតែទាញយកកម្មវិធីមួយដែលអាចស្កេនកូដ QR។ បើទោះជាមិនដឹងច្បាស់ថា អ៊ីតាលី នឹងអនុវត្តបទបញ្ជានេះតឹងរ៉ឹងកម្រិតណា ប៉ុន្តែការព្រួយបារម្ភអំពីការដែលត្រូវត្រួតពិនិត្យនៅនឹងកន្លែង បានធ្វើឱ្យក្រុមហ៊ុននានាត្រូវបង្ខំចិត្តគោរពតាម។
ការពិន័យជាប្រាក់ចំពោះអ្នកប្រើប្រាស់កម្លាំងពលកម្មដែលមិនបានពិនិត្យប័ណ្ណបៃតងរបស់បុគ្គលិកគឺចាប់ពី 400 ដល់ 1,000 អឺរ៉ូ។ បុគ្គលិកម្នាក់ដែលមិនបានបង្ហាញប័ណ្ណបៃតងនៅកន្លែងធ្វើការ ត្រូវបានចាត់ទុកថាអវត្តមានដោយមិនមានមូលហេតុសមហេតុផល ហើយបើសិនបង្ហាញខ្លួនដោយមិនមានប័ណ្ណបៃតងស្របច្បាប់ ពួកគេអាចត្រូវបានពិន័យជាប្រាក់ចាប់ពី 600 ដល់ 1,500 អឺរ៉ូ។
ចំណាត់ការខាងលើនេះគឺក្នុងបំណងជំរុញកំណើននៃការចាក់វ៉ាក់សាំងនៅ ប្រទេសអ៊ីតាលី ដែលបច្ចុប្បន្នបានកើនដល់ជាង 81% ធៀបនឹងចំនួនប្រជាជនដែលមានវ័យចាប់ពី 12 ឆ្នាំ។ ក៏ប៉ុន្តែ សម្រាប់អ្នកដែលមិនអាច ឬមិនចង់ចាក់វ៉ាក់សាំង បទបញ្ជាខាងលើ តម្រូវឱ្យពួកគេធ្វើតេស្ត 48 ម៉ោង/ម្ដង ដើម្បីអាចចូលធ្វើការបាន។ ចំណែកអ្នកដែលត្រូវបានបញ្ជាក់ថា មិនអាចចាក់វ៉ាក់សាំងបាន ទទួលបានការលើកលែងពីបទបញ្ជានេះ៕