(សហរដ្ឋអាម៉េរិក)-William Shatner ដែលជាតារាសម្ដែងមួយរូបនៅក្នុងខ្សែភាពយន្តវិទ្យាសាស្ត្ររឿង Star Trek បានក្លាយជាមនុស្សដែលមានវ័យចំណាស់ជាងគេ ហោះទៅកាន់ទីអវកាស នៅក្នុងដំណើរហោះហើរនៃយានរបស់មហាសេដ្ឋី Jeff Bezos។
«ពិតជាមិនគួរឱ្យជឿ» Shatner អ្នកសម្ដែងវ័យ 90 ឆ្នាំ ជនជាតិកាណាដា និយាយដោយរំភើបរហូតដល់ស្រក់ទឹកភ្នែក បន្ទាប់ពីបានបញ្ចប់ការហោះហើរឡើងទៅកាន់ជាយអវកាសក្នុងរយៈពេល 11 នាទី និងត្រលប់មកកាន់ផែនដី កាលពីយប់ថ្ងៃទី 13 តុលា។
រ៉ុក្កែត New Shepard របស់ក្រុមហ៊ុនអាកាសចរណ៍អវកាស Blue Origin របស់មហាសេដ្ឋី Jeff Bezos បានហោះឡើងនៅវេលាម៉ោង 9៖49 នាទី (ម៉ោង 21៖49 នាទី នៅ ភ្នំពេញ)។ នាយិកាក្រុមហ៊ុន Blue Origin លោកស្រី Audrey Power, សហស្ថាបនិកនៃក្រុមហ៊ុន Planet Labs លោក Chris Boshuizen និង សហស្ថាបនិកក្រុមហ៊ុន Medidata Solutions លោក Glen de Vries ក៏មានវត្តមាននៅក្នុងបន្ទប់អ្នកដំណើររបស់យានអវកាស New Shepard ផងដែរ។
មហាសេដ្ឋី Jeff Bozos បានមកទទួលស្វាគមន៍សមាជិកក្រុមហោះហើរដែលបានត្រលប់មកផែនដីវិញ អមជាមួយនឹងស្នូរទះដៃ និងស្រាសាំប៉ាញ។
ក្រុមអ្នកហោះហើរ បានចំណាយពេលច្រើននាទីក្នុងស្ថានភាពគ្មានទម្ងន់ ពេលយានអវកាសបានហោះឡើងដល់កម្ពស់ 106 គីឡូម៉ែត្រ ខ្ពស់ជាង 6 គីឡូម៉ែត្រ ធៀបនឹង Karman ដែលជាព្រំដែនអវកាសមួយត្រូវបានអន្តរជាតិទទួលស្គាល់។
មិនខុសពីអ្នកអវកាសប្រហែល 600 នាក់ដែលធ្លាប់បានហោះឡើងដល់លើមេឃ លោក Shatner ក៏មានការភ្ញាក់ផ្អើលខ្លាំងនៅពេលស្ថិតក្នុងស្ថានភាពគ្មានទម្ងន់ និងបានគយគន់សម្រស់ដ៏ស្រស់ស្អាតរបស់ពិភពផែនដី ពីលើមេឃ។
«អ្វីដែលអ្នកបានផ្ដល់ឱ្យខ្ញុំ នោះគឺការទទួលបទពិសោធន៍ដ៏អស្ចារ្យបំផុតដែលខ្ញុំនឹកស្មានមិនដល់។ ខ្ញុំពិតជារំភើបចំពោះអ្វីដែលបានកើតឡើង» Shatner និយាយជាមួយ Jeff Bezos។
កាលពីខែកក្កដា Blue Origin បានបង្កើតជើងហោះហើរដឹកអ្នកដំណើរដំបូងរបស់ខ្លួន ហោះទៅកាន់ទីអវកាស។ ក្នុងជើងហោះហើរនោះមានវត្តមានរបស់លោក Jeff Bezos, ប្អូនប្រុសរបស់លោក Jeff Bezos គឺលោក Mark Bezos, អ្នកបើកបរ Wally Funk និង Oliver Daemen រួមនឹងអតិថិជនវ័យ 18 ឆ្នាំម្នាក់ ដែលមិនបញ្ចេញឈ្មោះ មកពី ប្រទេសហូឡង់។
លោក William Shatner មានឈ្មោះល្បី នៅក្នុងតួអង្គប្រធានក្រុមនាវិក Kirk របស់យានអវកាស USS Enterprise ក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រ Star Trek។ ដំណើរហោះហើរឆ្លងកាត់កាឡាក់ស៊ី របស់យាន USS Enterprise បានទាក់ទាញចំណាប់អារម្មណ៍ពី ពលរដ្ឋអាម៉េរិក ចំពោះវិស័យអវកាស នៅពេលប្រទេសនេះចាប់ផ្ដើមបន្តកម្មវិធីអវកាសខ្លួន៕